ព្រឹទ្ធសភាអាមេរិក បន្តដំណោះស្រាយមួយដែលមានគោលដៅបើកទ្វាររដ្ឋាភិបាលសហព័ន្ធឡើងវិញ

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ព្រឹទ្ធសភាអាមេរិកបានបន្តដំណោះស្រាយមួយ ដែលមានគោលដៅបើកទ្វាររដ្ឋាភិបាលសហព័ន្ធឡើងវិញ និងបិទបញ្ចប់បញ្ហារយៈពេល ៤០ថ្ងៃមកនេះ ដែលបាននាំឱ្យអវត្តមានបុគ្គលិកសហព័ន្ធ ពន្យារពេលចែកចាយជំនួយស្បៀងអាហារ និងប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាស។
សមាជិកព្រឹទ្ធសភា កំពុងជំរុញសេចក្តីព្រាងច្បាប់មួយ ដែលសភាតំណាងរាស្រ្តបានអនុម័ត ដែលជាការធ្វើវិសោធនកម្ម ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាល រហូតដល់ថ្ងៃទី៣០ ខែមករា រួមបញ្ចូលនូវសេចក្តីព្រាងច្បាប់បែងចែកថវិកាពេញលេញ ក្នុងរយៈពេល ៣ឆ្នាំ។ ប្រសិនបើព្រឹទ្ធសភាយល់ព្រមហើយនោះ វានៅត្រូវការការអនុម័តពីសភាតំណាងរាស្ត្រ រួចបញ្ជូនទៅប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខា។ ដំណើរការនេះអាចចំណាយពេលច្រើនថ្ងៃ។
នៅក្នុងការបោះឆ្នោតតាមនីតិវិធី ដើម្បីជំរុញសេចក្តីព្រាងច្បាប់នេះ ត្រូវការសំឡេងគាំទ្រ ៦០ ទល់នឹង ៤០ជំទាស់។ មុនពេលមានដំណើរការនេះ លោក ត្រាំ បាននិយាថា «វាហាក់ដូចជា ការបិទទ្វាររដ្ឋាភិបាល ជិតដល់ទីបញ្ចប់ហើយ»។
គួរបញ្ជាក់ថា បុគ្គលិកស៉ីវិលប្រមាណ ២.២លាននាក់ បានធ្វើការឱ្យរដ្ឋាភិបាលសហព័ន្ធ នៅដើមអាណត្តិទីពីររបស់លោក ត្រាំ។ បុគ្គលិកចំនួន ៣០០ ០០០នាក់ ត្រូវបានគេរំពឹងថានឹងចាកចេញពីរដ្ឋាភិបាល នាចុងឆ្នាំនេះ ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងកាត់បន្ថយ។ ប៉ុន្តែនឹងមានការផ្តល់ប្រាក់បៀវត្សរ៍ខែចាស់ សម្រាប់បុគ្គលិកសហព័ន្ធទាំងអស់ ទាំងផ្នែកយោធា ភ្នាក់ងារល្បាតព្រំដែន និងអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស៕
