កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៥នេះ អាចនឹងសម្រេចបានក្នុងរង្វង់៥.២% ខណៈឆ្នាំ២០២៦ ត្រូវបានព្យាករថា អាចនឹងសម្រេចបានកំណើន៥%

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពីការស្វែងយល់ អំពីការកសាងក្របខណ្ឌ នយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ អាចនឹងសម្រេចបានក្នុងរង្វង់៥.២% ខណៈឆ្នាំ២០២៦ ត្រូវបានព្យាករថា អាចនឹងសម្រេចបានកំណើន៥%។
បើតាមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើង ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា បន្តត្រូវបានហ៊ុមព័ទ្ធ ដោយអន្តរកាលនៃពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជានោះឡើយ, ជាអាទិ៍៖ ការប្រែប្រួលយ៉ាងរហ័ស នៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់តែមានទំនោរ ទៅរកចរន្តគាំពារនិយម និងឯកតោនិយម តាមរយៈគោលនយោបាយ ពន្ធគយបដិការ, ការបន្តបិទខ្ទប់ព្រំដែនគោក រវាងកម្ពុជា-ថៃ -ល-។
ក្នុងបរិការណ៍នេះ, ទស្សនវិស័យសេដ្ឋកិច្ច, ទាំងក្នុងកម្រិតសកល, តំបន់, និងរួមទាំងកម្ពុជាផង, ហាក់មានទំនោរទៅជួបប្រឈមនឹងហានិភ័យ ច្រើនជាងកាលានុវត្តភាព, ដែលទាមទារ នូវការតាមដានឲ្យបានជាប្រចាំ និងកាន់តែខ្ជាប់ខ្ជួនបំផុត អំពីការវិវត្តនៃស្ថាន-ភាពសង្គម-សេដ្ឋកិច្ច, ជាពិសេស ការគិតគូរអំពីកម្មវិបាក និង បច្ច័យ មកលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងស្រុក, សម្រាប់តម្រែតម្រង់ទិសដៅគោលនយោបាយ និងរៀបចំវិធានការឆ្លើយតបឲ្យបានទាន់ពេលប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ ក្នុងករណីចាំបាច់។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ផ្អែកតាមការវិវត្តជាបន្តបន្ទាប់ ក្នុងរយៈពេល៩ខែដើម ឆ្នាំ២០២៥នេះ, ក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃឡើងវិញ លើស្ថានភាពសេដ្ឋកិច្ច ដោយរំពឹងថាជារួម សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ អាចនឹងសម្រេចបានកំណើន ក្នុងរង្វង់៥.២%, ពោលគឺដូចគ្នាទៅនឹងការវាយតម្លៃ ក្នុងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម (MTFF) កាលពីខែ មេសា ឆ្នាំ២០២៥ កន្លងទៅ។
ក៏ប៉ុន្តែ, កំណើនតាមវិស័យ និង អនុវិស័យមួយចំនួន មានការប្រែប្រួល, ដោយវិស័យខ្លះ ត្រូវបានវាយតម្លៃថា នឹងអាចសម្រេចបាននូវកំណើនខ្ពស់ជាងការរំពឹងទុក, វិស័យខ្លះ នឹងអាច សម្រេចបាននូវកំណើន ដូចការរំពឹងទុក, និងវិស័យខ្លះទៀត នឹងអាចសម្រេចបាន នូវកំណើនទាបជាងការរំពឹងទុក, ដោយសារបច្ច័យនៃការអនុវត្តពន្ធគយបដិការ របស់សហរដ្ឋអាមេរិក និង ការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់បន្ថែមថា តួលេខកំណើនរួម និងតាមវិស័យ, ជាការគិតគូរ, មាននិន្នាការប្រហាក់ប្រហែល ទៅនឹងការវាយតម្លៃ របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ជាក់ស្តែង, មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥ អាចសម្រេច បានក្នុងអត្រា៤.៨%, ស្របពេលដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) បានវាយតម្លៃថា អាចនឹងសម្រេចបានក្នុងអត្រា ៤.៩%។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបន្ថែមថា សម្រាប់ឆ្នាំ២០២៦, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា អាចនឹងសម្រេចបានកំណើន៥% ដូចគ្នាទៅនឹងការរំពឹងទុកក្នុងក្របខណ្ឌ MTFF, ប៉ុន្តែមានការកែសម្រួលនូវអត្រាកំណើន ទៅតាមវិស័យ និងអនុវិស័យនីមួយៗ។ កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦, ដែលត្រូវបានព្យាករថា អាចនឹងសម្រេចបានក្នុងអត្រា៥%នេះ, មានកំណើនថមថយបន្តិច បើធៀបឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីកម្មវិបាក នៃការអនុវត្តពន្ធគយបដិការ មកលើវិស័យបម្រើការនាំចេញ គួបផ្សំ នឹងការរំពឹងទុក នូវបច្ច័យនៃការអូសបន្លាយនៃការបិទខ្ទប់ព្រំដែនគោក កម្ពុជា-ថៃ, ត្បិតស្ថានភាពសេដ្ឋកិច្ច នឹងពុំអាចវិលត្រលប់ទៅរកប្រក្រតីភាពវិញភ្លាមៗ ដូចបរិបទ មុនមានការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ។
ទោះជាយ៉ាងណា កម្ពុជានៅតែរក្សាបាននូវចលនការកំណើនមួយដ៏ល្អនៅឡើយ, ដែលត្រូវបានគាំទ្រដោយវិស័យបម្រើ ការនាំចេញគួបផ្សំនឹងការបន្តនិន្នាការល្អ នៃការប្រើប្រាស់ក្នុងស្រុក និងចរន្តងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក។ ឈរលើមូលដ្ឋាននៃការវាយតម្លៃនេះ, ផសស ថ្លៃបច្ចុប្បន្ន ឆ្នាំ២០២៦ នឹងស្ថិតក្នុងរង្វង់ ២១៧ ០៦៣ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៥៣ ៧៩៩ លានដុល្លារអាម៉េរិក, ខណៈដែល ផសស សម្រាប់ មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនដល់ ៣ ០២០ ដុល្លារអាម៉េរិក។
ជាមួយគ្នានេះ, សូចនាករផ្នែកម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ក៏ត្រូវបានរំពឹងថា នឹងបន្តមានស្ថិរភាព, ក្នុងនោះ អត្រាអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២.៨% ក្នុងឆ្នាំ២០២៦ ក្រោមការរំពឹងទុក នៃការបន្តរក្សាបានស្ថិរភាពនៃថ្លៃទំនិញអន្តរជាតិ, ជាពិសេស ថ្លៃប្រេងឥន្ធនៈ, ស្របពេលដែលការប្រើប្រាស់ក្នុងស្រុក និងសកម្មភាពចាយវាយ នៅ បន្តមាននិន្នាការវិជ្ជមាន។អត្រាប្តូរប្រាក់ផ្លូវការ (រៀល/ដុល្លារអាម៉េរិក) ត្រូវបានរំពឹងថា នឹងអាចរក្សាបានក្នុងរង្វង់ ៤ ០៣៥ រៀល/ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦។ ចំណែកឯទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងបន្តកើនដល់ ២៧ ៩៨៩ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦ ដែលអាចធានាការនាំចូលបាន ៧,៩ខែ។ ទោះជាយ៉ាងនេះក្តី, ដោយសារស្ថានភាព មិនទាន់ច្បាស់លាស់មួយចំនួន ដូចខ្ញុំ បានជម្រាបជូនខាងលើ, ស្ថានភាពសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ អាចជួបប្រឈមនឹងភាព មិនប្រាកដប្រជាខ្ពស់, ដែលជាយថាហេតុ, ប្រការនេះធ្វើឲ្យកំណើនសេដ្ឋកិច្ច ជារួម អាចនឹងមិនសម្រេចបាន ដូចការរំពឹងទុក៕

