មេដឹកនាំរងតៃវ៉ាន់៖ តៃវ៉ាន់មិនឯកោទេ និងមានមិត្តជាច្រើននៅជុំវិញពិភពលោក

តៃប៉ិ៖ មេដឹកនាំរងតៃវ៉ាន់ លោកស្រី Hsiao Bi-khim ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ថា តៃវ៉ាន់មិនឯកោទេ និងមានមិត្តជាច្រើននៅជុំវិញពិភពលោក ហើយនឹងបន្តបង្ហាញទៅកាន់ពិភពលោកពីការប្ដេជ្ញាចិត្តរបស់ខ្លួន។
ការអត្ថាធិប្បាយខាងលើរបស់លោកស្រី Hsiao Bi-khim ធ្វើឡើងនៅថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បន្ទាប់ពីលោកស្រី ត្រឡប់មកពីបំពេញទស្សនកិច្ចនៅអឺរ៉ុបដែលជាដំណើរទស្សនកិច្ចដ៏កម្រ មួយរបស់មេដឹកនាំរងតៃវ៉ាន់ (អនុប្រធានាធិបតី) ទៅកាន់ទ្វីបអឺរ៉ុប។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានមុនឡើងយន្ដហោះត្រឡប់ទៅកោះតៃវ៉ាន់វិញ នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក លោកស្រី Hsiao បាននិយាយថាស្ថានភាពរបស់តៃវ៉ាន់នៅលើឆាកអន្តរជាតិពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែតៃវ៉ាន់មិនចុះញ៉មឡើយ ពីព្រោះខ្លួនមាន ឱកាសដើម្បីចូលរួមក្នុងសហគមន៍អន្តរជាតិ។
«តៃវ៉ាន់មិនឯកោទេ។ យើងមានប្រទេសជាមិត្តជាច្រើននៅជុំវិញពិភពលោកដែលមានបំណងធ្វើការជាមួយយើង»។ នេះជាការកត់សម្គាល់របស់លោកស្រី Hsiao ដោយបន្ថែមថាតៃវ៉ាន់នឹង បន្តបង្ហាញទៅកាន់ពិភពលោកពីការប្ដេជ្ញាចិត្ត និងអំណាចនៃប្រជាធិបតេយ្យរបស់ខ្លួន។
គួរបញ្ជាក់ថា ចិនបានចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហើយបានព្រមានថានឹងប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិ ក្នុងករណីចាំបាច់៕

