សេតវិមាន៖ អាមេរិក ផ្តល់ការលើកលែងរយៈពេល១ឆ្នាំ ដល់ប្រទេសហុងគ្រី ពីការដាក់ទណ្ឌកម្មរបស់អាមេរិក ដើម្បីបន្តប្រើប្រាស់ប្រេងនិងឧស្ម័នរបស់រុស្ស៉ី

បរទេស៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា មន្រ្តីសេតវិមានបានឱ្យដឹងថា សហរដ្ឋអាមេរិក បានផ្តល់ការលើកលែងរយៈពេល១ឆ្នាំ ដល់ប្រទេសហុងគ្រី ពីការដាក់ទណ្ឌកម្មរបស់អាមេរិក ដើម្បីបន្តប្រើប្រាស់ប្រេងនិងឧស្ម័នរបស់រុស្ស៉ី បន្ទាប់ពីនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៉ីនតោន។
កាលពីខែតុលា លោក ត្រាំ បានដាក់ទណ្ឌកម្មពាក់ព័ន្ធសង្រ្គាមអ៊ុយក្រែន លើក្រុមហ៊ុនប្រេងរុស្ស៉ី Lukoil និង Rosneft ដែលក្នុងនោះរួមមានទាំងការគំរាមដាក់ទណ្ឌកម្ម លើប្រទេសទាំងឡាយណា ដែលទិញប្រេងពីក្រុមហ៊ុនទាំងពីរ ថែមទៀតផង។
លោក Orban ដែលជាសម្ព័ន្ធមិត្តយូរមកហើយរបស់លោក ត្រាំ បានជួបលោកប្រធានាធិបតីអាមេរិក នៅសេតវិមាន នាថ្ងៃសុក្រ សម្រាប់ជំនួបពិភាក្សាទ្វេភាគីជាលើកដំបូង គិតចាប់តាំងពីលោក ត្រាំ បានត្រឡប់មកកាន់អំណាចសាជាថ្មី។
អំឡុងជំនួបខាងលើ លោកនាយករដ្ឋមន្រ្តីហុងគ្រី បានបកស្រាយមូលហេតុ ដែលប្រទេសរបស់លោក ចាំបាច់ត្រូវប្រើប្រាស់ប្រេង និងឧស្ម័នរបស់រុស្ស៉ី ក្នុងគ្រាដែលលោក ត្រាំ បាននិងកំពុងជំរុញឱ្យអឺរ៉ុបឈប់ធ្វើយ៉ាងដូច្នោះ ហើយលោកប្រធានាធិបតីអាមេរិក ហាក់បានទទួលយកការលើកហេតុផលរបស់លោក Orban។
មន្រ្តីសេតវិមានបាននិយាយថា ក្រៅពីទទួលបានការលើកលែង ទណ្ឌកម្ម ហុងគ្រីក៏បានប្តេជ្ញាទិញឧស្ម័នធម្មជាតិរាវពីសហរដ្ឋអាមេរិក ជាមួយកិច្ចសន្យាដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៦០០លានដុល្លារ។
គួរបញ្ជាក់ថា ហុងគ្រីបានរក្សាការពឹងផ្អែកលើថាមពលរុស្ស៉ី ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែន កាលពីឆ្នាំ២០២២មក ជាហេតុនាំឱ្យមានការរិះគន់ពីសំណាក់សម្ព័ន្ធមិត្តមួយចំនួន នៅក្នុងសហភាពអឺរ៉ុបនិងអង្គការ NATO៕

