លោក ដូណាល់ ត្រាំ៖ កាហ្សាក់ស្ថាននឹងចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាព រវាងអ៉ីស្រាអែល និងបណ្ដាប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា បាននិយាយថាប្រទេសកាហ្សាក់ស្ថាននឹងចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាព Abraham Accords ជាកិច្ចព្រមព្រៀងមួយដែលធ្វើប្រក្រតីភាពទំនាក់ទំនងរវាងអ៉ីស្រាអែល និងបណ្ដាប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន។
ការប្រកាសបែបនេះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីលោកបាននិយាយថារូបលោកបានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងប្រកាសឆាប់ៗនេះអំពីពិធីចុះហត្ថលេខាដើម្បីធ្វើឱ្យវាក្លាយជាផ្លូវការ ហើយមានប្រទេសជាច្រើនទៀតកំពុងព្យាយាមចូលរួមក្នុងក្លឹបដ៏ខ្លាំងក្លានេះ (Abraham Accords)»។
ជុំវិញការអះអាងរបស់លោក ត្រាំ ខាងរដ្ឋាភិបាលកាហ្សាក់ស្ថាន បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថាបញ្ហាខាងលើកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចចរចានៅឡើយ។ តាមក្រុមអ្នកជំនាញមួយចំនួន តាមពិតទៅកាហ្សាក់ស្ថានមានទំនាក់ទំនងការទូត និងសេដ្ឋកិច្ចពេញលេញរួចទៅហើយជាមួយអ៉ីស្រាអែល ដែលនេះមានន័យថាវត្តមានរបស់ប្រទេសក្នុង តំបន់អាស៊ីកណ្ដាលមួយនេះក្នុងកិច្ចព្រមព្រៀង Abraham Accords គឺជានិមិត្តរូបប៉ុណ្ណោះ៕
