ឯកឧត្ដម រិន វីរៈ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើតារាងសំណួរអង្កេតនវានុវត្តន៍ឆ្នាំ២០២៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើតារាងសំណួរអង្កេតនវានុវត្តន៍ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលបន្ថែមទៀតលើបញ្ជីសំណួរអង្កេតនវានុវត្តន៍ឆ្នាំ២០២៥ ដើម្បីទទួលបានលទ្ធផលនូវទិន្នន័យស្ថិតិដែលគាំទ្រសូចនាករយុទ្ធសាស្រ្តបច្ចកោណ ដំណាក់កាលទី១, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ, និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងសកល (SDG)។
ម៉្យាងវិញទៀតអង្កេតនវានុវត្តន៍ មានសារសំខាន់ណាស់សម្រាប់គាំទ្រដល់កម្មវិធីវិនិយោគរបស់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធនឹងផ្នែកសំខាន់ៗ រួមមាន៖ ១)-ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្ម៖ ផ្តល់ការណែនាំអាទិភាពនៃការវិនិយោគ សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម ការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ២)- ការស្រាវជ្រាវនិង ការអភិវឌ្ឍ និងការវិនិយោគលើផ្នែកនវានុវត្តន៍ គឺបង្ហាញឱ្យដឹងអំពីការវិនិយោគសាធារណៈនៅក្នុងហេដ្ឋា រចនាសម្ព័ន្ធនៃការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) មជ្ឈមណ្ឌលបច្ចេកវិទ្យា និងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ៣)-ការអភិវឌ្ឍមូលធនមនុស្សនិងជំនាញ គឺសំដៅការគាំទ្រកម្មវិធីអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈស្របតាម តម្រូវការទីផ្សារការងារ ៤)-ការគាំទ្រផ្នែកស្ថាប័ននិងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានិងនវានុវត្តន៍ គឺជួយការរៀបចំគម្រោងការវិនិយោគនៅក្នុងផ្នែកនវានុវត្តន៍ ការបណ្តុះបណ្តាល និងភាពជាដៃគូសាធារណៈនិងឯកជន និង ៥)-វិភាគលទ្ធផលសង្គមនិងទីផ្សារ គឺផ្តល់សូចនាករសម្រាប់វាស់វែងអំពីវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ និងកំណើនរួមបញ្ចូលគ្រប់ផ្នែក។
សូចនាករនៃសកម្មភាពនៅក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញនូវព័ត៌មានសំខាន់ៗរួមមាន៖ ១)-សមត្ថភាពច្នៃប្រឌិតរបស់សហគ្រាស៖ ការច្នៃប្រឌិត និងទំនើបកម្មឧស្សាហកម្មសម្រាប់ពិពិធកម្មសេដ្ឋកិច្ច ២)-ការវិនិយោគលើនវានុវត្តន៍៖ ការកៀរគរធនធានសម្រាប់ការច្នៃប្រឌិត និងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម ៣)-ការអភិវឌ្ឍមូលធនមនុស្សនិងជំនាញវិជ្ជាជីវៈ៖ ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងអន្តរទំនាក់ទំនងនៃការអប់រំ-ឧស្សាហកម្ម ៤)-ដំណើរការប្រព័ន្ធអេកូឡូស៊ី និងភាពជាដៃគូអភិវឌ្ឍ៖ ការពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន និងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការនវានុវត្ត ការច្នៃប្រឌិតជាដើម និង៥)-លទ្ធផល និងផលប៉ះពាល់នៃការនវានុវត្ត ការច្នៃប្រឌិត៖ ពង្រីកកំណើនផលិតភាព និងការលើកកម្ពស់ ភាពប្រកួតប្រជែង និងទីផ្សារការងារ។

