តៃវ៉ាន់អះអាងថា សហរដ្ឋអាមេរិក កំពុងខិតខំប្រឹងប្រែងពន្លឿន ការផលិតយន្តហោះចម្បាំង F-16V ដែលត្រូវបានពន្យារពេលសម្រាប់តៃវ៉ាន់

តៃប៉ិ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការពារជាតិកោះតៃវ៉ាន់ នាថ្ងៃចន្ទនេះ បានអះអាងថា សហរដ្ឋអាមេរិក កំពុងខិតខំប្រឹងប្រែងពន្លឿន ការផលិតយន្តហោះចម្បាំង F-16V ដែលត្រូវបានពន្យារពេល សម្រាប់តៃវ៉ាន់។
តៃវ៉ាន់ ដែលកំពុងរងសម្ពាធយោធាកាន់តែខ្លាំងពីចិន បានត្អូញត្អែរចំពោះការពន្យារពេលម្តងហើយម្តងទៀត នៃការប្រគល់អាវុធបញ្ជាទិញពីសហរដ្ឋអាមេរិក ដែលជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់ដែនកោះនេះ។ ក្នុងរបាយការណ៍សម្រាប់សភាតៃវ៉ាន់ ក្រសួងការពារជាតិ បាននិយាយថា ខាងអាមេរិកកំពុងពន្លឿនការងារផលិតយន្តហោះ F-16V ដែលទីក្រុងតៃប៉ិបានបញ្ជាទិញ។
បើតាមរដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ យន្តហោះចម្បាំង F-16V ៥០គ្រឿង គឺត្រូវបានដាក់ឱ្យស្ថិតក្នុងខ្សែចង្វាក់ផលិតកម្មហើយ ដោយក្នុងនោះ ១០គ្រឿង ត្រូវបានរំពឹងថា នឹងឆ្លងកាត់ការធ្វើតេស្តហោះហើរក្នុងឆ្នាំនេះ ហើយប្រគល់មកឱ្យតៃវ៉ាន់ នៅឆ្នាំ២០២៦។ ដំបូងឡើយ យន្តហោះ F-16V សរុបទាំង៦៦គ្រឿង ត្រូវបានរំពឹងថា នឹងប្រគល់ឱ្យតៃវ៉ាន់ទាំងអស់ នៅត្រឹមចុងឆ្នាំក្រោយ។
ដោយឡែក ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានរាយការណ៍ដែរថា ការប្រគល់មីស៉ីលរត់ក្រោមទឹក MK-48 ចំនួន២៤គ្រាប់ ដែលត្រូវបានបញ្ជាទិញក្នុងតម្លៃ១៧៨លានដុល្លារ ហើយដំបូងឡើយរំពឹងថា នឹងទទួលបានពួកវានៅឆ្នាំ២០២៦ ក៏ត្រូវបានពន្យារពេលទៅចន្លោះឆ្នាំ២០២៦ និងឆ្នាំ២០២៨ផងដែរ។ មិនតែប៉ុណ្ណោះ ក្រសួងបានរាយការណ៍ពីការពន្យារពេល ប្រគល់អាវុធមួយប្រភេទទៀត គឺគ្រាប់បែក AGM-154C Joint Standoff៕
