តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ដង្ហែអង្គកឋិនទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តអារាមប្រជុំនទី(ហៅវត្តក្រពើហា)

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២៥ លោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកស្រី ប៉ែន ចន្នី រួមជាមួយនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានដង្ហែអង្គកឋិនទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តអារាមប្រជុំនទី(ហៅវត្តក្រពើហា) ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្នៅ ខេត្តកណ្កាល។
នេះជាវត្តទី៣ហើយ ដែលនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត និងលោកស្រី បានដង្ហែអង្គកឋិនទានចូលមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសមកនោះ ដើម្បីជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើន។
ថ្លែងទៅកាន់លោកតា លោកយាយ ប្រជាពលរដ្ឋពុទ្ធបរិស័ទ នាឱកាសនោះ លោក ណុប រ័ត្ននិមល បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី មកជូនដល់ព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោកបានលើកឡើងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ បានខិតខំប្រឹងប្រែងណាស់ ក្នុងការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសបានខិតខំដោះស្រាយបញ្ហាបញ្ចប់ជម្លោះព្រំដែន និងទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅកម្ពុជា ដើម្បីជាប្រយោជន៍លើកកម្ពស់ជីវភាពរស់នៅដល់បងប្អូនប្រជាពលរដ្ឋ។
ទន្ទឹមគ្នានេះ លោក ណុប រ័ត្ននិមល ថែមបានអំពាវនាវ ចំពោះព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បន្តការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព សុវត្ថិភាពសាធារណៈ និងការអភិវឌ្ឍសង្គមជាតិកម្ពុជា ឲ្យកាន់តែសំបូររុងរឿង៕

