បេសកជនពិសេសអាមេរិក៖ ប្រធានាធិបតីស៉ីរី លោក Ahmed Sharaa ត្រូវបានរំពឹងថា នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៉ីនតោន ក្នុងរយៈពេល២សប្តាហ៍ ខាងមុខ

បេរូត៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំស៉ីរី លោក Tom Barrack កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយថា ប្រធានាធិបតីស៉ីរី លោក Ahmed Sharaa ត្រូវបានរំពឹងថា នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៉ីនតោន ក្នុងរយៈពេល២សប្តាហ៍ ខាងមុខនេះ។
លោក Barrack បាននិយាយដូចខាងលើប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្រៅវេទិកាកិច្ចសន្ទនាសន្តិសុខ Manama ក្នុងប្រទេសបារ៉ែន។
បើតាមបេសកជនអាមេរិករូបនេះ ទីក្រុងវ៉ាស៉ីនតោនសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Sharaa នឹងជួយត្រួសត្រាយផ្លូវដើម្បីឱ្យស៉ីរី ចូលរួមក្នុងក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងក្រុមភេរវករ ISIS។
វានឹងជាទស្សនកិច្ចលើកដំបូងបង្អស់ធ្វើឡើងដោយមេដឹកនាំប្រទេសស៉ីរី ទៅកាន់រដ្ឋធានីរបស់អាមេរិក។ ប្រភពពីខាងស៉ីរីផ្ទាល់ ក៏បានទទួលស្គាល់អំពីគម្រោងទស្សនកិច្ចនេះដែរ ហើយបានឱ្យដឹងបន្ថែមថា ទីក្រុងវ៉ាស៉ីនតោន កំពុងទទូចឱ្យទីក្រុងដាម៉ាសនិងអ៉ីស្រាអែល ឯកភាពគ្នាលើកិច្ចព្រមព្រៀងបន្ធូរបន្ថយភាពតានតឹង មុនដំណើរទស្សនកិច្ច។
គួរបញ្ជាក់ថា ចាប់តាំងផ្តួលរំលំអតីតប្រធានាធិបតី លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំមុន ហើយឡើងដឹកនាំ ប្រទេសស៉ីរីមក លោក Sharaa បានព្យាយាមស្តារទំនាក់ទំនងរបស់ស៉ីរីឡើងវិញ ជាមួយបណ្តាប្រទេសមហាអំណាច ក្រោយភាពឯកោអស់រយៈពេលជាច្រើនឆ្នាំ ក្រោមរបបលោក Assad៕
