ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ណែនាំដល់សិក្ខាកាមនគរបាលទាំងអស់ ត្រូវគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន និងត្រូវបំពេញការងារដោយភាពអំណត់អត់ធ្មត់ខ្ពស់

ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់សិក្ខាកាមនគរបាលទាំងអស់ ត្រូវគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន និងត្រូវខិតខំបំពេញការងារដោយភាពអំណត់អត់ធ្មត់ខ្ពស់ ពិសេសមន្រ្តីនគរបាលនៅតាមមូលដ្ឋាន ដែលជាអ្នកនៅជិតប្រជាពលរដ្ឋបំផុតក្នុងការផ្តល់សេវាសាធារណៈនានា ក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវធ្វើយ៉ាងណាឱ្យស្របទៅតាមគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់បម្រើផលប្រយោជន៍ និងក្ដីសុខប្រជាពលរដ្ឋ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នាថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានមានប្រសាសន៍លើកឡើងដោយផ្តល់នូវបទពិសោធន៍ល្អៗជាច្រើន ជូនដល់សិក្ខាកាមនគរបាលទាំងអស់ ដើម្បីជាទុន និងជាចំណេះដឹង សម្រាប់យកទៅប្រើប្រាស់ក្នុងពេលបំពេញភារកិច្ចការងារឱ្យចំទិសដៅផងដែរ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានលើកឡើងអំពីស្ថានភាពទូទៅ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមនគរបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ប្រកបដោយលទ្ធផលល្អប្រសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រូបង្គោលតាមជំនាញទាំងអស់ ដែលបានផ្តល់នូវទ្រឹស្តី រួមទាំងបទពិសោធន៍ល្អៗ ដល់សិក្ខាកាមឱ្យយល់ដឹងកាន់តែច្បាស់ពីតួនាទីភារកិច្ច ដើម្បីជាមូលដ្ឋានក្នុងការបំពេញកិច្ចការងារជំនាញ៕

