កម្ពុជា-ថៃ ចាប់ផ្ដើមដកអាវុធធុនធ្ងន់ចេញពីព្រំដែន ទៅកាន់មូលដ្ឋានដើមវិញ

ឧត្តរមានជ័យ៖ នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ការដកអាវុធធុនធ្ងន់រវាងកងទ័ពកម្ពុជា-ថៃ ក្នុងដំណាក់កាលទី១ ចាប់ផ្តើមដោយធ្វើឡើងដំណាល់គ្នា ដោយដឹកជញ្ជូនចេញពីព្រំដែនជម្លោះប្រទេសទាំងពីរ ត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ។
ការត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែននេះ ធ្វើឡើងក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
សូមរំលឹកថា នៅក្នុងកិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃ RBC នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានឯកភាពគ្នាលើការដកអាវុធធុនធ្ងន់៣ប្រភេទ ចេញពីព្រំដែន។ ដំណើរការនៃការកែសម្រួលអាវុធធុនធ្ងន់ ក្នុងដំណាក់កាលទី១នេះ ត្រូវធ្វើឡើងក្នុងរយៈពេល០៣ (បី) សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)៕

