អាជ្ញាធរខេត្តកណ្តាល ជំរុញការបិទផ្សាយឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងខេត្ត សំដៅជំរុញឱ្យសម្រេចបានតាមផែនការដែលបានដាក់ចេញ

កណ្តាល៖ លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានជំរុញដល់មន្ត្រីជំនាញសុរិយោដី បន្តការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ដើម្បីត្រៀមចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសំដៅសម្រេចតាមផែនការដែលបានគ្រោងទុក ក្នុងឃុំឃុំគគីរធំ ស្មើនឹង០៥ភូមិ គឺភូមិពោធិ៍មៀវ ភូមិគគីរធំ ភូមិគគីរធំ២ ភូមិរាំងដេក និងភូមិរាំងដេក២ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានក្បាលដីចំនួន ៦,២៤៨ក្បាលដី ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីជំនាញសូរិយាដីថ្នាក់ខេត្ត ថ្នាក់ស្រុក និងមន្ត្រីវាស់វែងបម្រើការងារដោយស្ម័គ្រចិត្តទាំងអស់ ដែលខិតខំយកចិត្តទុកដាក់ និងយកអស់ពីកម្លាំងកាយចិត្តបម្រើប្រជាពលរដ្ឋ ទទួលបានលទ្ធផលជាទីមោទនៈ និងឈានទៅសម្រេចតាមផែនការនៅពេលដ៏ខ្លីខាងមុខនេះ។
លោកអភិបាលរងខេត្ត បានឲ្យដឹងទៀតថា ការបិទផ្សាយនូវឯកសារនៃការ វិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នា។
លោកបានបន្តទៀតថា អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជា ពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើ ប្លង់រឹងលើដី ធ្លី ដើម្បី ធានា នូវ សិទ្ធិ ធ្វើជា ម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដី ធ្លីត្រូវបានកាត់បន្ថយ យ៉ាងច្រើនទៀតផង។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
នៅក្នុងពិធីបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធនេះដែរ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្ត បានបញ្ជាក់ថា៖ ចំពោះស្រុកកៀនស្វាយ បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន២៣លើក រួចមកហើយ ហើយការបិទផ្សាយនាពេលនេះមាន គឺជាលើកទី២៤ ដែលមានចំនួន ០៥ភូមិ គឺភូមិពោធិ៍មៀវ ភូមិគគីរធំ ភូមិគគីរធំ២ ភូមិរាំង ដេក និងភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ សរុបមានចំនួន ៦,២៤៨ក្បាលដី។
លោកបានបន្ថែមថា ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធទាំង៥ភូមិខាងលើនេះ លោកសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងអង្គភាពពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យ និងចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ផុតកំណត់កាលបរិច្ឆេទ នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាលដីធ្លីសន្មត់ថា ទិន្នន័យបានបើកចំហជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់តវ៉ានៅពេលក្រោយបានទៀតឡើយ និងបន្តនីតិវិធីក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ)៕

