ម៉ាឡេស៉ីនៅតែបន្តហាមឃាត់ការនាំចេញរ៉ែកម្រ ដែលមិនទាន់កែច្នៃ ដើម្បីការពារធនធានក្នុងស្រុក

គូឡាឡាំពួ៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Tengku Zafrul Abdul Aziz បាននិយាយថា ម៉ាឡេស៉ីនៅតែបន្តហាមឃាត់ការនាំចេញរ៉ែកម្រ ដែលមិនទាន់កែច្នៃ ដើម្បីការពារធនធានក្នុងស្រុក បើទោះបីជាមានកិច្ចព្រមព្រៀងស្តីពីរ៉ែនេះ ជាមួយសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះក៏ដោយ។
ថ្លែងប្រាប់សភា លោក Tengku Zafrul បានច្រានចោលនូវការចោទប្រកាន់ថា ដែលថាម៉ាឡេស៉ី នឹងអនុញ្ញាតឱ្យមានការនាំចេញរ៉ែសំខាន់ៗ និងរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិក ដើម្បីបានប្រាក់ចំណេញភ្លាមៗ ឬផលប្រយោជន៍យុទ្ធសាស្ត្រ។
លោក Tengku Zafrul គូសបញ្ជាក់ថា «យើងលែងចង់ធ្វើជាប្រទេសជីកយករ៉ែ និងលក់វត្ថុធាតុដើមតម្លៃថោកៗ ដូចកាលពីមុនទៀតហើយ។ ម៉ាឡេស៉ីនឹងលើកទឹកចិត្តដល់ការវិនិយោគពីបរទេស លើបច្ចេកវិទ្យាជីកយករ៉ែ និងកែច្នៃរ៉ែកម្រ»។
លោក បន្ថែមថា «គោលនយោបាយ របស់យើងមិនរារាំងដល់ពាណិជ្ជកម្មរហូតនោះទេប៉ុន្តែ ទប់ស្កាត់ការនាំចេញវត្ថុធាតុដើមដែលមិនទាន់កែច្នៃ និងមានតម្លៃ ថោក ដូច្នេះនឹងបានប្រយោជន៍បន្ថែមចូល ម៉ាឡេស៉ី»។
គួរបញ្ជាក់ថា ម៉ាឡេស៉ី មានរ៉ែកម្រប្រហែល ១៦.១លានតោន ប៉ុន្តែខ្វះបច្ចេកវិទ្យាដើម្បីជីកយក និងកែច្នៃ។ រ៉ែកម្រគឺចាំបាច់សម្រាប់ការផលិតផលិតផលបច្ចេកវិទ្យាខ្ពស់ រួមទាំងរថយន្តអគ្គិសនី ឧបករណ៍អេឡិចត្រូនិក និងមីស៉ីល៕

