លោក ដូណាល់ ត្រាំ៖ កូរ៉េខាងត្បូងបានយល់ព្រមវិនិយោគ ៣៥០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ជាការដោះដូរនឹងការកាត់បន្ថយពន្ធលើការនាំចេញរថយន្ត

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ សារព័ត៌មាន Financail Times ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃពុធនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ត្រូវបានសម្រេចជាមួយប្រទេសកូរ៉េខាងត្បូង ដោយភាគីកូរ៉េខាងត្បូងបានយល់ព្រមវិនិយោគ ៣៥០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ជាការដោះដូរនឹងការកាត់បន្ថយពន្ធលើការនាំចេញរថយន្ត។
ថ្លែងមុនពេលចូលរួមពិធីជប់លៀងមួយ លោក ត្រាំ បានមានប្រសាសន៍ថា «យើងសម្រេចបានកិច្ចព្រមព្រៀងហើយ។ វាស្ទើរតែត្រូវបានបញ្ចប់ជាស្ថាពរហើយ» ដោយកិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយពន្ធនាំចូលរថយន្តពីកូរ៉េខាងត្បូងមកកាន់សហរដ្ឋអាមេរិក ពី ២៥% មកនៅត្រឹម ១៥%។ ការកាត់បន្ថយពន្ធនេះ នឹងធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង អាចប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយដៃគូប្រជែងមកពីប្រទេសជប៉ុន ដែលបច្ចុប្បន្នបង់ពន្ធត្រឹម ១៥%។
លោក គីម យ៉ុង-ប៊ុម (Kim Yong-beom) ប្រធានផ្នែកគោលនយោបាយរបស់ប្រធានាធិបតី លី ចែម្យុង បានឱ្យដឹងថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ កូរ៉េខាងត្បូងបានយល់ព្រមវិនិយោគ ២០០ពាន់លានដុល្លារជាសាច់ប្រាក់នៅសហរដ្ឋអាមេរិក ចំណែកឯទឹកប្រាក់ដែលនៅសល់ចំនួន ១៥០ពាន់លានដុល្លារទៀត នឹងត្រូវបណ្តាក់ទុនក្នុងវិស័យឧស្សាហកម្មការសាងសង់នាវា។
គួរបញ្ជាក់ថា ជាការតបស្នងវិញ សហរដ្ឋអាមេរិកក៏បានយល់ព្រមធានាដែរថា ពន្ធណាមួយលើបន្ទះឈីប (semiconductor) នឹងមិនធ្វើឱ្យការនាំចេញបន្ទះឈីបរបស់កូរ៉េខាងត្បូងចាញ់เប្រៀបនឹងការនាំចេញពីតៃវ៉ាន់ឡើយ។
កិច្ចព្រមព្រៀងនេះបានបញ្ចប់ការចរចាដ៏តានតឹងអស់រយៈពេលជាច្រើនខែ ដែលចំណុចស្នូលនៃភាពខ្វែងគំនិតគ្នានោះ គឺការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន ឱ្យកូរ៉េខាងត្បូងធ្វើការទូទាត់ជាសាច់ប្រាក់សុទ្ធជាមុន។ ភាគីកូរ៉េខាងត្បូងបានស្ទាក់ស្ទើរ ដោយចាត់ទុកថា ទង្វើនេះប្រៀបដូចជាការ «បង់ថ្លៃសេវា» ជាជាងការវិនិយោគពិតប្រាកដ និងមានហានិភ័យខ្ពស់។ ជាលទ្ធផល ភាគីទាំងពីរបានសម្រេចបាននូវដំណោះស្រាយរួម ដោយបង្វែរការទូទាត់ជាដុំនោះ ទៅជាការវិនិយោគបណ្តាក់ទុនជាដំណាក់កាលៗ និងបង្កើតភាពជាដៃគូក្នុងវិស័យឧស្សាហកម្មផលិតនាវាជំនួស វិញ៕
