លោក ពូទីន ប្រកាសពីការធ្វើតេស្ដប្រកបដោយជោគជ័យនូវមីស៊ីលគ្រូសដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មី

មូស្គូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា បានប្រកាសពីការធ្វើតេស្ដចុងក្រោយប្រកបដោយជោគជ័យនូវមីស៊ីលគ្រូសដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មីមួយឈ្មោះថា Burevestnik ដែលលោកហៅថាជាអាវុធមានសមត្ថភាពនុយក្លេអ៊ែរល្អដាច់គេនៅលើពិភពលោក។
នៅក្នុងវីដេអូមួយចេញផ្សាយដោយវិមានក្រឹមឡាំង អំឡុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំយោធារុស្ស៉ី លោក ពូទីនបានគូសបញ្ជាក់យ៉ាងខ្លីថា «ការធ្វើតេស្ដដ៏សំខាន់មួយបានបញ្ចប់ទាំងស្រុង»។
លោក ពូទីន ក៏បានចេញបញ្ជាផងដែរឱ្យត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីដាក់ឱ្យប្រើមីស៊ីលស៊េរីថ្មីសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៉ី ជាមួយការហៅ Burevestnik ជាមីស៊ីលល្អដាច់គេដែលគ្មានប្រទេសផ្សេង ណាមួយនៅលើពិភពលោកមាននោះទេ។
គួរបញ្ជាក់ថា អំឡុងការធ្វើតេស្ដលើកចុងក្រោយបំផុតកាលពីថ្ងៃទី២១ ខែតុលា មីស៊ីល Burevestnik បានប្រើពេល ១៥នាទីហោះបានរយៈចម្ងាយ ១៤០០០គីឡូម៉ែត្រ។ នេះបើតាមនាយសេនាធិនាការ យោធារុស្ស៉ី លោក Valery Gerasimov ខណៈលោក ពូទីនអះអាងថាមីស៊ីលនេះមានរយៈចម្ងាយបាញ់គ្មានដែនកំណត់៕

