លោក ដូណាល់ ត្រាំ សរសើរកម្ពុជានិងថៃ ចំពោះការគោរពគ្នាទៅវិញទៅមក

ម៉ាឡេស៊ី៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសរសើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អនុទីន ឆានវីរគុល នាយករដ្ឋមន្ត្រីថៃ ចំពោះការគោរពគ្នាទៅវិញទៅមក ដែលផ្ទុយស្រឡះពីរបៀបដែលលោកបានពិពណ៌នាអំពីជម្លោះនៅមជ្ឈិមបូព៌ា និងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោកបានសសើរបែបនេះក្នុងពេលថ្លែងសុន្ទរកថាស្វាគមន៍ដល់ថ្នាក់ដឹកនាំប្រទេសថៃ និងកម្ពុជា ខណៈលោកបានពិពណ៌នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាន នូវកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អនុទីន ឆានវីរគុល នាយករដ្ឋមន្ត្រីថៃ រួមជាមួយលោក ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងពិធីមួយនៅលើឆាក ដែលផ្ទៃខាងក្រោយបង្ហាញនិមិត្តសញ្ញារបស់សហរដ្ឋអាម៉េរិក និងឃ្លាថា «នាំមកនូវសន្តិភាព»។
លោក ត្រាំ បានមានប្រសាសន៍នៅក្នុងសុន្ទរកថាបើកថា៖«នេះពិតជាគួរឱ្យរំភើបណាស់ ពីព្រោះយើងបានធ្វើអ្វីមួយដែលមនុស្សជាច្រើននិយាយថា មិនអាចធ្វើបាន។ ប្រទេសដ៏អស្ចារ្យពីរ ប៉ុន្តែពួកគេកំពុងតែធ្វើវា។ ខ្ញុំចង់អបអរសាទរមេដឹកនាំដ៏ក្លាហានទាំងពីររូបសម្រាប់ការបោះជំហានដ៏អស្ចារ្យនេះ»៕

