អាជ្ញាធរខេត្តត្បូងឃ្មុំ ដុតបំផ្លាញគ្រឿងញៀន ១,២៤៥ក្រាម ដែលបង្ក្រាប ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥

ត្បូងឃ្មុំ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ដុតបំផ្លាញសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន ICE (ម៉ាទឹកកក) ទម្ងន់ ១,១៨៥.៦ក្រាម និងប្រភេទ WY ទម្ងន់ ៦០ក្រាម ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។
ពិធីនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
បើតាមរបាយការណ៍សង្ខេប ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខាធិកាដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ ឱ្យដឹងថា លទ្ធផលការងារ ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៥ សម្រេចបានរួមមាន៖ ធ្វើការអប់រំ ២,០០៨ លើក, បានធ្វើតេស្តសារធាតុញៀនលើមន្ត្រី ២,៩០០ នាក់, រកឃើញអ្នកបើកបរមានសារធាតុញៀន ៩នាក់, គ្រប់គ្រងអ្នកប្រើប្រាស់ ៥៩០នាក់ និងចុះកិច្ចសន្យាជាមួយទីតាំងងាយរងគ្រោះ ១៩៣ កន្លែង ព្រមទាំងកាស៊ីណូ ១២ កន្លែង។
ឯកឧត្តម បន្ថែមថា ក្នុងនោះសហការចុះបង្ក្រាបបាន ២៦៤ ករណី ចាប់ខ្លួន៧១០នាក់ រឹបអូសថ្នាំញៀនប្រមាណ១.២ គីឡូក្រាម និងវត្ថុតាងផ្សេងៗទៀត, បញ្ជូនអ្នកញៀន ១៤ នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យ និង ១៣៧ នាក់ ទៅមណ្ឌលស្តារនីតិសម្បទា ដោយ ៤៤ នាក់ ត្រូវបានសមាហរណកម្មចូលសហគមន៍វិញ។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏បន្តសហការយ៉ាងសកម្មជាមួយវៀតណាមដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែនផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡាយ ប៊ុនណា បានអានសារលិខិតរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត គូសបញ្ជាក់ថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ពង្រឹងយន្តការ ដែលមានស្រាប់ ហើយប្រែក្លាយខ្លឹមសារ នៃការប្រារព្ធពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលនេះ ឱ្យក្លាយទៅជាកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប រួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន សំដៅធានាបាន ការកសាងនូវជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀនយ៉ាងពិតប្រាកដ។
ជាចុងក្រោយ ឯកឧត្តម ប៉ែន កុសល្យ ក៏បានប្រគល់បណ្ណសរសើរ លើកទឹកចិត្តដល់ការចូលរួមរបស់ស្ថាប័នមន្ទីរអង្គភាព ក៏ដូចជាកងកម្លាំង ដែលខិតខំបំពេញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទូទាំងខេត្តត្បូងឃ្មុំផងដែរ៕

