ប្រធានាធិបតីប្រទេសប៉េរូ ប្រកាសភាពអាសន្នរយៈពេល ៣០ថ្ងៃ ដើម្បីដោះស្រាយការកើនឡើងនូវបទឧក្រិដ្ឋ

លីម៉ា៖ បើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ ២០២៥ ប្រធានាធិបតីនៃប្រទេសប៉េរូ លោក Jose Jeri បានប្រកាសភាពអាសន្នរយៈពេល ៣០ថ្ងៃ នៅក្នុងទីក្រុង Lima និងខេត្ត Callao ដែលនៅជាប់គ្នានោះ ដើម្បីដោះស្រាយការកើនឡើងនូវបទឧក្រិដ្ឋ។
វិធានការនេះចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ រួមជាមួយប៉ូលិស ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។
ថ្លែងតាមទូរទស្សន៍ជាតិ លោក Jeri គូសបញ្ជាក់ថា «យើងកំពុងប្តូរពីការការពារទៅជាការបង្រ្កាបបទល្មើស ទាក់ទងនឹងឧក្រិដ្ឋកម្ម ដែលជាការងារប្រយុទ្ធប្រឆាំង ដែលនឹងអនុញ្ញាតឱ្យយើងទទួលបានសន្តិភាព ភាពស្ងប់ស្ងាត់ និងការជឿទុកចិត្តពីប្រជាជនប៉េរូរាប់លាននាក់ឡើងវិញ»។
គួរបញ្ជាក់ថា ការសម្រេចប្រកាសភាពអាសន្នរដ្ឋ បានកើតមានឡើង បន្ទាប់បាតុកម្មកាលពីសប្តាហ៍មុន បន្សល់ទុកឱ្យមនុស្សច្រើនជាង ១០០នាក់របួស និងសម្លាប់មនុស្សម្នាក់៕

