របបសឹកមីយ៉ាន់ម៉ា វាយដណ្ដើមបានមកវិញទីក្រុងមួយដែលស្ថិតនៅតាមបណ្ដោយផ្លូវ highway ឆ្ពោះទៅកាន់ប្រទេសចិន ពីក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយ នៅក្នុងតំបន់ភាគខាងជើងនៃប្រទេស

យ៉ាងហ្គន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា របបសឹកមីយ៉ាន់ម៉ា បានអះអាងថាខ្លួនវាយដណ្ដើមបានមកវិញទីក្រុងមួយដែលស្ថិតនៅតាមបណ្ដោយផ្លូវ highway ឆ្ពោះទៅកាន់ប្រទេសចិន ពីក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយ នៅក្នុងតំបន់ភាគខាងជើងនៃប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានគូសបញ្ជាក់ក្នុងសេចក្ដីរាយការណ៍មួយដូច្នេះថា «បន្ទាប់ពីធ្វើប្រតិបត្តិការអស់រយៈពេល ១៦ថ្ងៃ ពោលគឺ នៅថ្ងៃទី១៦ ខែតុលា Tatmadaw (យោធាមីយ៉ាន់ម៉ា) វាយដណ្ដើមបានមកវិញទីក្រុង Hsipaw ទាំងស្រុង»។ រដ្ឋ Shan ស្ថិតនៅភាគខាងជើងមីយ៉ាន់ម៉ា បានក្លាយជាសមរភូមិ ប្រយុទ្ធដ៏ក្ដៅគគុកចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ ជាពេលដែលសម្ព័ន្ធភាពក្រុមប្រដាប់អាវុធជនជាតិភាគតិចបានបើកប្រតិបត្តិការវាយលុកប្រឆាំងនឹងយោធានៃរបបសឹក នៅតាមបណ្ដោយផ្លូវ highway ភ្ជាប់ទៅខេត្ត Yunnan របស់ចិន។
ក្រុមប្រដាប់អាវុធជនជាតិភាគតិច Ta’ang National Liberation Army ហៅកាត់ថា TNLA វាយដណ្ដើមបានមូលដ្ឋានយោធាចុងក្រោយបំផុតមួយនៅក្នុងទីក្រុង Hsipaw សិ្ថតនៅក្នុងរដ្ឋ Shan កាលពីខែតុលា ឆ្នាំមុន ក្រោយការវាយប្រយុទ្ធអស់ជាច្រើនសប្ដាហ៍។
គួរបញ្ជាក់ថា ទីក្រុង Hsipaw មានប្រជាជនរស់នៅប្រហែល ២០ ០០០នាក់ និងស្ថិតនៅតាមបណ្ដោយផ្លូវ highway ភ្ជាប់ចេញពីទីក្រុង Mandalay ជាទីក្រុងធំទី២ របស់មីយ៉ាន់ម៉ា ឆ្ពោះទៅកាន់ព្រំដែនចិន ជាទីដែលលំហូរពាណិជ្ជកម្មទំហំរាប់រយលានដុល្លារឆ្លងកាត់ ក្នុងមួយឆ្នាំៗ៕
