WFP៖ ជំនួយស្បៀងជាមធ្យម ៥៦០ តោន បានចូលទៅក្នុងតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន

ហ្សឺណែវ៖ បើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រកាសនៅថ្ងៃសុក្រថា ជំនួយស្បៀងជាមធ្យម ៥៦០ តោន បានចូលទៅក្នុងតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន។ ទោះជាយ៉ាងណា ក្បួនរថយន្តជំនួយទាំងនេះជួបបញ្ហាក្នុងការទៅដល់ភាគខាងជើងដែលកំពុងរងគ្រោះដោយទុរ្ភិក្ស ដោយសារផ្លូវខូចខាត និងការបន្តបិទច្រកជំនួយសំខាន់ៗ។
អ្នកនាំពាក្យ WFP លោកស្រី អាបៀ អ៊ីតេហ្វា (Abeer Etefa) បានថ្លែងថា «បទឈប់បាញ់បានបើកឱកាសតូចមួយ ហើយ WFP កំពុងធ្វើការយ៉ាងរហ័សដើម្បីបង្កើនជំនួយស្បៀង»។
លោកស្រីបានបញ្ជាក់ថា WFP មិនទាន់អាចចាប់ផ្តើមការចែកចាយនៅទីក្រុង Gaza City បានទេ ដោយសារការបិទច្រកព្រំដែន Zikim និង Erez ជាមួយប្រទេសអ៊ីស្រាអែល។ លោកស្រីបានសង្កត់ធ្ងន់ថា «ការបើកច្រកនៅភាគខាងជើងមានសារៈសំខាន់ខ្លាំង ព្រោះជាតំបន់ដែលទុរ្ភិក្សកំពុងកើតមាន»៕

