ឯកឧត្តមបណ្ដិត កែវ ពិសិដ្ឋ៖ កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត រំលឹកខួបលើកទី៣០ នៃសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាព ទីក្រុងប៉េកាំង និងដើម្បីដាក់ចេញវិធីសាស្រ្តីថ្មីៗ និងពន្លឿនការអនុវត្តសមភាពយេនឌ័រ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការស្តីទីរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបិតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើសន្និសីទកាសែត នៅព្រលានយន្តហោះអន្តរជាតិតេជោ ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីស្រ្តី នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី ចាប់ពីថ្ងៃទី១២ ដល់ទី១៥ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមមូលបទ “អនាគតរួមគ្នា៖ ដំណើរការថ្មី ហើយលឿន ដើម្បីការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់ស្រ្តី” (One Shared Future: New and Accelerated Process for All-Round Development for Women)។
កិច្ចប្រជុំនេះ មានថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ភ្នាក់ងារអង្គការសហប្រជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធ សរុបប្រមាណជាង ៨០០នាក់ មកពីប្រទេសជាង ១០០ ពីទ្វីបទាំង៥ នៃពិភពលោក ចូលរួម។
កិច្ចប្រជុំនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលប្រារព្ធឡើង ដើម្បីអបអរសាទរដល់ការរំលឹកខួបលើកទី៣០ នៃសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាព ទីក្រុងប៉េកាំង ឆ្នាំ១៩៩៥ និងដើម្បីពិនិត្យអំពីវឌ្ឍនភាព ការប្រឈម ព្រមទាំងការបន្តប្តេជ្ញាចិត្តរួមគ្នា ដើម្បីដាក់ចេញវិធីសាស្រ្តីថ្មីៗ និងពន្លឿនការអនុវត្តសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រីឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចតាមគោលបំណង៕
