លោក ដូណាល់ ត្រាំ គំរាមចាត់វិធានការផ្នែកពាណិជ្ជកម្ម រួមមានទាំងវិធានការពន្ធប្រឆាំងប្រទេសអេស៉្បាញ

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមចាត់វិធានការផ្នែកពាណិជ្ជកម្ម រួមមានទាំងវិធានការពន្ធប្រឆាំងប្រទេសអេស៉្បាញ ដោយសារតែទីក្រុងម៉ាឌ្រីដ មិនព្រមបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយ ហើយលោកចាត់ទុកទង្វើនេះថា ជាការប្រមាថចំពោះអង្គការ NATO។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំមិនសប្បាយចិត្តជាខ្លាំងជាមួយអេស៉្បាញ។ ពួកគេ គឺជាប្រទេសតែមួយគត់ ដែលមិនបានបង្កើនការចំណាយលើវិស័យការពារជាតិ ឱ្យដល់៥ភាគរយ ហេតុនេះហើយ ខ្ញុំមិនសប្បាយចិត្ត ជាមួយអេស៉្បាញឡើយ។ ខ្ញុំកំពុងគិតចង់ដាក់ពិន័យផ្នែកពាណិជ្ជកម្មលើពួកគេ តាមរយៈការដំឡើងពន្ធគយ ដោយសារតែអ្វីដែលពួកគេបានធ្វើ ហើយខ្ញុំគិតថា ខ្ញុំប្រហែលជានឹងធ្វើបែបនោះ»។
គួរបញ្ជាក់ថា លោក ត្រាំ បានជំរុញជាខ្លាំងឱ្យសមាជិក NATO ទាំងអស់ ចំណាយថវិកាឱ្យច្រើនជាងមុន សម្រាប់ការការពារខ្លួនពួកគេ ផ្ទាល់ ហើយបានបង្កឱ្យមានមន្ទិលសង្ស័យ ជុំវិញឆន្ទៈរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការមកជួយការពារសមាជិកទាំងឡាយណា ដែលមិនព្រមបង្កើនការចំណាយឱ្យគ្រប់គ្រាន់។ កាលពីសប្តាហ៍មុន លោក ត្រាំ ថែមទាំងបាននិយាយថា NATO គួរតែពិចារណា បណ្តេញអេស៉្បាញចេញពីបក្សសម្ព័ន្ធយោធានេះតែម្តង ដោយសារតែរឿងមិនព្រមការបង្កើនការចំណាយ ឱ្យស្របតាមគោលដៅថ្មី របស់ NATO៕

