រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងថា កូរ៉េខាងជើងទំនងជាទទួលបានជំនួយបច្ចេកទេសពីរុស្ស៉ី សម្រាប់ការអភិវឌ្ឍនាវាមុជទឹករបស់ខ្លួន

សេអ៊ូល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បានប្រាប់រដ្ឋសភា នៅថ្ងៃចន្ទ ទី១៣ ខែតុលា ថាកូរ៉េខាងជើងទំនងជាទទួលបានជំនួយបច្ចេកទេសពីរុស្ស៉ី សម្រាប់ការអភិវឌ្ឍនាវាមុជទឹករបស់ខ្លួន។
កូរ៉េខាងជើងបានប្ដេជ្ញាអភិវឌ្ឍនាវាមុជទឹកដែលអាចបាញ់មីស៊ីលបាលិស្ទីគ ហើយក៏ធ្លាប់បានធ្វើតេស្ដបាញ់មីស៊ីលចេញពីនាវាមុជទឹកផងដែរ។ ប៉ុន្តែគេមិនទាន់ច្បាស់ថាតើទីក្រុងព្យុងយ៉ាង បានទទួលជោគជ័យ ក្នុងការគ្រប់គ្រងលើការបាញ់មីស៊ីលចេញពីនាវាមុជទឹក ឬយ៉ាងណានោះទេ? កូរ៉េខាងជើងក៏កំពុងប្រឹងប្រែងអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែរ។
ថ្លែងទៅកាន់គណៈកម្មាធិការការពារជាតិនៃរដ្ឋសភាកូរ៉េខាងត្បូង លោក Ahn Gyu-back បានកត់សម្គាល់ថាវាហាក់ដូចជាការពិតថាកូរ៉េខាងជើងបាន និងកំពុងទទួលបានបច្ចេកវិទ្យាជាច្រើន សម្រាប់ការអភិវឌ្ឍនាវាមុជទឹករបស់ខ្លួន។
លោករដ្ឋមន្ត្រីការពារជាតិបានបន្ថែមថា ទោះជាបែបនេះក្ដី វាដូចជាលឿនពេកក្នុងការសន្និដ្ឋានថាទីក្រុងព្យុងយ៉ាងបានទទួលជោគជ័យក្នុងការធ្វើតេស្ត មីស៊ីល SLBM (មីស៊ីលបាលិស្ទីគបាញ់ចេញពីនាវាមុជទឹក) ចេញពីនាវាមុជទឹក៕

