ប្រទេសចិន ពង្រីកវិធានការនាំចេញរ៉ែកម្ររបស់ខ្លួន

ចិន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ប្រទេសចិន បានពង្រីកវិធានការនាំចេញរ៉ែកម្ររបស់ខ្លួន ដោយបន្ថែមចំណុច ៥ថ្មីទៀត និងការត្រួតពិនិត្យតឹងរ៉ឹងលើអ្នកទិញផលិតផល semiconductor ខណៈទីក្រុងប៉េកាំងព្យាយាមរឹតបន្តឹងការគ្រប់គ្រងវិស័យនេះ មុនលទ្ធភាពនៃជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក ស៉ី ជីនពីង ប្រធានាធិបតីចិន។
ចិន ក៏បានបន្ថែមធាតុផ្សំច្រើនប្រភេទនៃបច្ចេកវិទ្យាចម្រាញ់ ទៅក្នុងបញ្ជីត្រួតពិនិត្យរបស់ខ្លួនផងដែរ ហើយបានប្រកាសច្បាប់ដែលនឹងតម្រូវឱ្យមានការអនុលោមតាម ពីសំណាក់អ្នកផលិតរ៉ែកម្របរទេសដែលប្រើប្រាស់វត្ថុធាតុដើមរបស់ចិន។
ក្រសួងពាណិជ្ជកម្មចិន បានប្រកាសពីការពង្រីកវិធានការនេះ បន្ទាប់ពីក្រុមសមាជិកសភាអាមេរិក បានអំពាវនាវឱ្យមានការហាមឃាត់យ៉ាងទូលំទូលាយ លើការនាំចេញសម្ភារៈសម្រាប់ផលិតបន្ទះឈីបមកកាន់ប្រទេសចិន៕

