រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នេីឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) ចាប់ផ្តើមហោះហើរត្រង់មកកម្ពុជាឡើងវិញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) លោក Eiji Yamakita នៅពន្លាទេ សចរណ៍។
យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឱកាសជំនួបនោះ ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំមួយនេះរហូតមកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរទាំងជប៉ុន និងអន្តរជាតិមកកាន់ប្រទេសកម្ពុជាក្នុងចំនួនគួរឱ្យកត់សំគាល់ កន្លងមក។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ពិនិត្យលទ្ធភាពហោះហើរត្រង់មកកម្ពុជាឡើងវិញ ជាមួយសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព សុខសុវត្ថិភាពទេសចរណ៍ និងវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលពិតជាជួយបង្កើនចំនួនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិទៅមករវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង៕

