រដ្ឋមន្រ្តីការបរទេសរុស្ស៉ី ចោទប្រកាន់ថា អង្គការ NATO និងសហភាពអឺរ៉ុប កំពុងប្រើប្រាស់អ៊ុយក្រែន ដើម្បីប្រកាសសង្រ្គាមជាក់ស្តែងប្រឆាំងនឹងរុស្ស៉ី

UN៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានចោទប្រកាន់ថា អង្គការ NATO និងសហភាពអឺរ៉ុប (EU) កំពុងប្រើប្រាស់អ៊ុយក្រែន ដើម្បីប្រកាសសង្រ្គាមជាក់ស្តែងប្រឆាំងនឹងប្រទេសរបស់លោក។
លោក Lavrov បានថ្លែងដូចខាងលើអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 នៅឯអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងសុន្ទរកថាកាលពី២ថ្ងៃមុននៅ UN បានបង្ហាញសញ្ញារឹតបន្តឹងជំហរប្រឆាំងមូស្គូ ហើយកោតសរសើរកិច្ចប្រឹងប្រែងតស៊ូរបស់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៉ី ព្រមទាំងបាននិយាយថា សម្ព័ន្ធមិត្ត NATO គួរតែបាញ់ទម្លាក់យន្តហោះយោធារបស់រុស្ស៉ី ដែលបំពានចូលដែនអាកាសរបស់ពួកគេ។
គួរបញ្ជាក់ថា ភាពតានតឹងកើនឡើង នៅតាមបណ្តោយតំបន់អឺរ៉ុបខាងកើត ជាទីដែលប្រទេសអេស្តូនី បានចោទទីក្រុងមូស្គូថា បានបញ្ជូនយន្តហោះចម្បាំង៣គ្រឿងចូលដែនអាកាសរបស់ខ្លួន មួយសប្តាហ៍ក្រោយក្រុមយន្តហោះចម្បាំងរបស់សមាជិក NATO បានបាញ់ទម្លាក់យន្តហោះដ្រូនរុស្ស៉ី នៅលើដែនអាកាសរបស់ប្រទេសប៉ូឡូញ។ ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ លោក Lavrov បានបន្តអះអាងថា សកម្មភាពរបស់ លោកខាងលិច គឺជាមូលហេតុដែលបង្កឱ្យផ្ទុះសង្រ្គាមនៅអ៊ុយក្រែន៕
