លោក ម៉ែន អេង និងឯកឧត្តម ឡុង សេង អញ្ជេីញបើកយុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ »

ភ្នំពេញ÷នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជេីញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ,
ក្នុងយុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » Say No To Fake News មានការអញ្ជើញចូលរួមពី មន្ត្រីរាជការ, កងកម្លាំងទាំង៣ប្រភេទ, កាកបាទក្រហមកម្ពុជា, យុវជន ស.ស.យ.ក ខេត្ត និងសិស្សានុសិស្ស បងប្អូនកូនក្មួយជាច្រើនរូបទៀត។
គូររំលឹកដែរថា យុទ្ធនាការ« និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » Say No To Fake News បានចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន យុវជន អ្នកសារព័ត៌មាន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម ជាច្រើននាក់ទៀត។
យុទ្ធនាការនេះ ត្រូវបានអនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល ១២ខែ គឺចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកចូលរួមអនុវត្តយុទ្ធនាការ គឺមន្ទីរព័ត៌មានរាជធានី ខេត្ត ព្រមទាំងស្ថាប័ន មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ ៕

