ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា ទៅចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបថៃយៀន ឆ្នាំ២០២៥ នៅខេត្តសានស៊ី ប្រទេសចិន

ភ្នំពេញ៖ សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបថៃយៀន ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងថៃយៀន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា អមដំណើរដោយ ឯកឧត្តម ជាម ប៉េអា សមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធានាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ចិន ឯកឧត្តម វ៉ាន់ ដារ៉ា សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា និងមន្រ្តីជំនួយការគណៈកម្មការ។
វេទិកានេះ នឹងផ្តល់កាលានុវត្តភាពក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍថាមពលកាបូនទាប សំដៅដោះស្រាយបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

