ឯកឧត្តម ជ័យ សម្បត្តិផល្លា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា និងពិគ្រោះយោបល់លើសេចក្តីព្រាងការពិពណ៌នាមុខតំណែងគ្រប់គ្រង និងវិជ្ជាជីវៈនៃរដ្ឋបាលរាជធានី ខេត្ត

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើសេចក្តីព្រាងការពិពណ៌នាមុខតំណែងគ្រប់គ្រង និងវិជ្ជាជីវៈនៃរដ្ឋបាលរាជធានី ខេត្ត ដែលមានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ និងមានការអញ្ជើញចូលរួមពី តំណាងក្រសួងមុខងារសាធារណៈ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានធនធានមនុស្សនៃក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ទីចាត់ការ អង្គភាពទាំងអស់ និងមន្ទីរសុខាភិបាលចំណុះរដ្ឋបាលខេត្តកំពង់ចាម សរុបប្រមាណ ២៥០រូប។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលសម្រាប់កែលម្អសេចក្តីព្រាងឯកសារស្តីពីការពិពណ៌នាមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈរបស់រដ្ឋបាលខេត្ត។
សូមបញ្ជាក់ថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដំណាក់កាលទី២ (កជទី២) បាននិងកំពុងរៀបចំ និងដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្មនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការដាក់ចេញសេចក្ដីណែនាំដោយផ្ដោតជាសំខាន់ទៅលើការរៀបចំការពិពណ៌នាមុខតំណែង លក្ខខណ្ឌការងារ ការគ្រប់គ្រងវត្តមានរបស់បុគ្គលិក ការវាយតម្លៃលើលទ្ធផលនៃការបំពេញការងារ ក៏ដូចជាការលើកទឹកចិត្តដល់បុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ លទ្ធផលនៃការរៀបចំការពិពណ៌នាមុខតំណែង និងលទ្ធផលនៃវាយតម្លៃផ្អែកលើសមិទ្ធកម្ម គឺជាមូលដ្ឋានសម្រាប់ការតែងតាំង ការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ការអភិវឌ្ឍសមត្ថភាព ការលើកទឹកចិត្ត ក៏ដូចជាការដាក់ទណ្ឌកម្មខាងវិន័យផងដែរ។ ការរៀបចំការពិពណ៌នាមុខតំណែងរបស់រដ្ឋបាលរាជធានី ខេត្ត គឺដើម្បី (១) ពិនិត្យមើលរចនាសម្ព័ន្ធ មុខងារ តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់អង្គភាពនីមួយៗនៃរដ្ឋបាលរាជធានី ខេត្ត (២) កំណត់អំពីតម្រូវការមុខតំណែង ដែលមានមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ នៅតាមអង្គភាពនានាចំណុះរដ្ឋបាលរាជធានី ខេត្ត និង (៣) កំណត់អំពីការពិពណ៌នាមុខតំណែងរបស់បុគ្គលិកម្នាក់ៗនៃរដ្ឋបាលរាជធានី ខេត្ត៕

