អាជ្ញាធរខេត្តរតនគិរីព្រមានពីគ្រោះទឹកជំនន់ខណៈទំនប់វារីអគ្គិសនីសេសាន៤នឹងបើកទ្វារទឹក២កន្លែង

រដ្ឋបាលខេត្តរតនគិរី បានប្រកាសប្រាប់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងរកទីកន្លែងសុវត្ថិភាព ខណៈស្ថានីយ៍វារីអគ្គិសនីសេសាន៤ បានជូនដំណឹងពីការបើកទ្វារទឹកចំនួន២កន្លែង។ ទ្វារទឹក ២កន្លែងដែលនឹងត្រូវបើកបង្ហូរធារទឹកពីអាងស្តុកទឹកទន្លេសេសាន៤ និងសេសាន៤A។
តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ ស្ថានីយ៍វារីអគ្គិសនីសេសាន៤ នឹងបើកបង្ហូរធារទឹកពីអាងស្តុកទឹកសេសាន៤ និងសេសាន ៤A នូវកម្រិតលំហូទឹកខ្ពស់រហូតដល់ ៨៣០ម៉ែត្រគូបក្នុងមួយវិនាទី»។
ក្នុងន័យនេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានជូនដំណឹងទៅរដ្ឋបាលស្រុកទាំងអស់ដែលស្ថិតនៅជាប់ដងទន្លេសេសាន បង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានខ្ពស់ ត្រៀមកម្លាំង សម្ភារៈសម្រាប់បង្ការហានិភ័យ គ្រោះទឹកជំនន់ ដែលអាចកើតឡើងជាយថាហេតុ និងសូមជូនដំណឹងជាបន្ទាន់នេះទៅដល់ឃុំ ភូមិ រូមទាំងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេឱ្យមានការប្រុហប្រយ័ត្នខ្ពស់៕

