UN ថ្កោលទោសការវាយប្រហារនាពេលថ្មីៗលើរដ្ឋធានីដូហា ប្រទេសកាតា

UN៖ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្កោលទោសការវាយប្រហារនាពេលថ្មីៗលើរដ្ឋធានីដូហា ប្រទេសកាតា ប៉ុន្តែមិនបានលេីកចំឈ្មោះអ៉ីស្រាអែលទេ នៅក្នុងសេចក្តីថ្លែងការណ៍រួមពីសមាជិកទាំង ១៥ ដែលមានសហរដ្ឋសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៉ីស្រាអែលផងនោះ។
អ៉ីស្រាអែល ប៉ុនប៉ងសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស ដោយបានធ្វេីការវាយប្រហារតាមផ្លូវអាកាស កាលពីថ្ងៃអង្គារ ចូលទឹកដីកាតា។ ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក Danny Danon និយាយថា «យើង នឹងចាត់វិធានការប្រឆាំងមេដឹកនាំភេរវជន នៅកន្លែងណាដែលពួកគេលាក់ខ្លួន»។
ជាធម្មតា អាមេរិក តែងការពារអ៉ីស្រាអែលនៅឯ UN ប៉ុន្តែការគាំទ្រសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខនាពេលនេះ ឆ្លុះបញ្ចាំងពីភាពមិនសប្បាយចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការវាយប្រហារដែលបញ្ជាដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។
តាមសេចក្តីថ្លែងការណ៍រួម សមាជិកក្រុមប្រឹក្សាសន្តិសុខ បានរំលេចពីសារៈសំខាន់នៃការកាត់បន្ថយការកើនឡើងនូវភាពតានតឹង និងគូសបញ្ជាក់ពីការគាំទ្រចំពោះអធិបតេយ្យភាព បូរណភាពទឹកដីនៃប្រទេសកាតា។ សមាជិកក្រុមប្រឹក្សាសន្តិសុខ ក៏បានចាត់ទុកការដោះលែងចំណាប់ខ្មាំង រួមទាំងអ្នកដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាស បិទបញ្ចប់សង្គ្រាម និងការរងទុក្ខវេទនានៅហ្កាហ្សា ថាជាអាទិភាពកំពូលដែលត្រូវដោះស្រាយផងដែរ៕

