អភិបាលខេត្តកែប អញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បង្ហើយជូនប្រជាពលរដ្ឋនៅក្រុងកែប និងស្រុកដំណាក់ចង្អើរ

កែប៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បង្ហើយជូនប្រជាពលរដ្ឋនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងភូមិអង្កោល ភូមិទួលសាងាំ ឃុំអង្កោល ព្រមទាំងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា នេះជាជោគជ័យមួយរបស់រដ្ឋបាលខេត្ត ក្នុងការឈានទៅបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងក្លាយជាខេត្តទី១ ក្នុងការបញ្ចប់ការចែកវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុ ក្នុងចំណោមរាជធានីខេត្តទាំង២៥ រាជធានី-ខេត្ត។
ឯកឧត្តមបណ្ឌិត បន្ដថា ក្រោយបញ្ចប់ពិធីនេះទៅ សូមប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅទំនាក់ទំនង ជាមួយមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ដើម្បីទទួលបានបណ្ណកម្មសិទ្ធិរៀងរាល់ម៉ោងធ្វើការ។ ជាមួយគ្នានេះ មន្ត្រីពាក់ព័ន្ធក្នុងការផ្តល់សេវា ត្រូវបង្កលក្ខណៈល្អ និងបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់៕

