ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ត្រូវប្រកាសជាផ្លូវការ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

កំពង់ស្ពឺ៖ ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ត្រូវប្រកាសជាផ្លូវការ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដោយទទួលជ័យលាភី ពីក្រសួងទេសចរណ៍។ ពិធីប្រកាសនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានការចូលរួមដោយរដ្ឋលេខាធិការ ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ នាយកនាយករងរដ្ឋបាលខេត្ត លោក/លោកស្រី មន្ត្រីរាជការរដ្ឋបាលក្រុង ចៅសង្កាត់ កងកម្លាំងទាំង៣ អាជីវករ ប្រតិបត្តិទេសចរណ៍ ជាច្រើនកុះករ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីក្រសួងទេសចរណ៍ ដែលបានខិតខំជំរុញការងារទីក្រុងទេសចរណ៍គ្មានផ្សែងបារី នៅក្រុងច្បារមនព្រមទាំងបានរៀបចំកម្មវិធីសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងការចុះយុទ្ធនាការបិទស្លាកហាមជក់បារី រួមទាំងបដាផ្សព្វផ្សាយ និងការចុះត្រួតពិនិត្យវាយតម្លៃជាក់ស្ដែង លើការអនុវត្តគោលការណ៍ណែនាំ ស្ដីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី នាពេលកន្លងមករហូតទទួលបានការគាំទ្រ ពីក្រសួងទេសទេសចរណ៍ និងអង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រកាសទទួលស្គាល់ក្រុងច្បារមន ជាទីក្រុងទេសចរគ្មានផ្សែងបារីនាពេលនេះ។
ឯកឧត្តមបណ្ឌិត បានបន្តថា លទ្ធផលទាំងនេះបានមកពីការចូលរួមខិតខំប្រឹងប្រែង យ៉ាងសកម្មប្រកបដោយឆន្ទៈមោះមុត និងការទទួលខុសត្រូវខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ អាជីវករ នៃសេវាកម្មផ្សេងៗ រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» និង «នីតិវិធីប្រតិបត្តិស្តង់ដារអប្បរមា ស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍» ហើយដោយក្នុងនោះមានការចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន អាជីវករ លោកគ្រូ-អ្នកគូ្រ សិស្សានុសិស្ស បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»។
ឯកឧត្តម ហួត ហាក់ បានអបអរសាទរ ក្នុងការប្រកាសជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាប្រសិទ្ធនាមដែលមានការទទួលស្គាល់ជាផ្លូវការ ពីក្រសួងទេសចរណ៍ ចំពោះបណ្ដាក្រុង ស្រុក ខណ្ឌដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ បានល្អប្រសើរហើយជ័យលាភី គឺមានការទទួលស្គាល់ ដោយបណ្ដាទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក SCAN (Smoke-free Cities Asia Pacific Network) និងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់ HHW SEATCA (Southeast Asia Tobacco Control Alliance) ផងដែរ។
លើសពីនេះទៀតការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក៏មានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ដែលបានបញ្ជាក់ឱ្យឃើញថា ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារីនេះ មិនត្រឹមតែលើកកម្ពស់សុខុមាលភាពភ្ញៀវទេសចរ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការចូលរួមកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់ មកលើសង្គមជាតិ ទាំងមូលទៀតផង។
ឯកឧត្តម ហួត ហាក់ សូមការកោតសរសើរ និងអបអរសាទរចំពោះក្រុងច្បារមន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍រហូតទទួលបានជ័យលាភី ហើយសមិទ្ធផលដែលក្រុងព្រះសីហនុសម្រេចបាននៅថ្ងៃនេះកើតចេញពីការតាំងចិត្តមោះមុតរបស់រដ្ឋបាល៕

