ឯកឧត្តម សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំ ការចុះសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំ និងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកនៃខេត្តស្វាយរៀង

ស្វាយរៀង៖នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍នៃ គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានចុះសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំ និងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកនៃខេត្តស្វាយរៀង ដើម្បីជាមូលដ្ឋានក្នុងការវិភាគ និងកំណត់ជម្រើសនានាដែលមានលក្ខណៈសមស្របសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ សំដៅធានាដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។
ការចុះសិក្សានាថ្ងៃនេះ ក្រុមការងារអន្ដរក្រសួងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃរដ្ឋបាលក្រុងបាវិត និងរដ្ឋបាលស្រុកស្វាយជ្រំ និងបានទទួលធាតុចូលកាន់តែច្រើនក្នុងការឆ្លុះបញ្ចាំង វិភាគ និងពិចារណាលើជម្រើសនានាសម្រាប់ការរៀបចំរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របតាមគោលការណ៍រដ្ឋបាលឯកភាព អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងឱ្យស្របតាមប្រភេទ និងចរឹកលក្ខណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

