មនុស្សយ៉ាងតិច១៩នាក់ បានស្លាប់នៅក្នុងប្រទេសនេប៉ាល់ពេលប៉ូលិសបំបែកក្រុមបាតុករវ ដែលតវ៉ាឱ្យរដ្ឋាភិបាលលុបចោលការហាមឃាត់លើប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រឆាំងអំពើពុករលួយ

កដ្ឋមណ្ឌូ៖ មនុស្សយ៉ាងតិច១៩នាក់ បានស្លាប់នៅក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃចន្ទទី៨កញ្ញា នៅពេលប៉ូលិសបំបែកក្រុមបាតុករវ័យក្មេង ដែលតវ៉ាឱ្យរដ្ឋាភិបាលលុបចោលការហាមឃាត់លើប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រឆាំងអំពើពុករលួយ។
អំពើហិង្សា បានផ្ទុះឡើងបន្ទាប់ពីរដ្ឋាភិបាលបានបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន រួមមាន៖ ហ្វេសប៊ុក, យូធូប និង X ចាប់តាំងពីចុងសប្តាហ៍មុន ធ្វើឱ្យអ្នកប្រើប្រាស់មានការខឹងសម្បារជាខ្លាំង។ ប៉ូលិសបានប្រើគ្រាប់កាំភ្លើងកៅស៊ូ ឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងដំបងប្រឆាំងនឹងបាតុករ ដែលប៉ុនប៉ងចូលទៅក្នុងតំបន់ហាមឃាត់នៅជិតសភា។
លោក សេខា ខាន់ណាល់ អ្នកនាំពាក្យប៉ូលិសរដ្ឋធានីកដ្ឋមណ្ឌូ បានរាយការណ៍ថា មនុស្ស១៧នាក់បានស្លាប់ ដោយបន្ថែមថា មនុស្សជាង៤០០នាក់បានរងរបួស រួមទាំងប៉ូលិសជាង១០០នាក់ផងដែរ។ ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបញ្ជាក់ថា មនុស្សពីរនាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងស្រុកសាន់សារី ភាគខាងកើតប្រទេសនេប៉ាល់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បន្ទាប់ពីមានអំពើហិង្សានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រ៉ាមេស លក្ខ បានលាលែងពីតំណែង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ ជុំវិញបញ្ហានេះ អង្គការសហប្រជាជាតិ និងអង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័ស និងប្រកបដោយតម្លាភាពចំពោះការប្រើប្រាស់កម្លាំងបង្ក្រាបបាតុករ។
អ្នកសម្របសម្រួលការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ាវីណា សាមដាសានី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងមានការភ្ញាក់ផ្អើលចំពោះការសម្លាប់ និងរបួសរបស់អ្នកតវ៉ានៅក្នុងប្រទេសនេប៉ាល់នៅថ្ងៃនេះ ហើយជំរុញឱ្យមានការស៊ើបអង្កេតភ្លាមៗ និងមានតម្លាភាព»។
លោកស្រីបន្តថា ៖«យើងបានទទួលការចោទប្រកាន់ដ៏គួរឱ្យព្រួយបារម្ភជាច្រើន អំពីការប្រើប្រាស់កម្លាំងដោយមិនចាំបាច់ ឬមិនសមាមាត្រដោយកងកម្លាំងសន្តិសុខ»៕

