បទវិភាគ៖ថែរក្សាសន្តិភាព រួមគ្នាត្រួសត្រាយអនាគត

នៅព្រឹកថ្ងៃទី ៣ ខែកញ្ញា ពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសបានប្រារព្ធធ្វើយ៉ាងឱឡារិកនៅទីក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះព្រមទាំងអញ្ជើញត្រួតពល ។ ប្រមុខរដ្ឋនិងថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសចំនួន២៦ ព្រមទាំងប្រធានសភា ឧបនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃប្រទេសមួយចំនួន អ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិនិងអតីតអ្នកនយោបាយសំខាន់ៗបានអញ្ជើញចូលរួមពិធីរំលឹកខួបថ្ងៃជ័យជម្នះលើកនេះ ។
“សង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនគឺជាផ្នែកដ៏សំខាន់នៃសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ប្រជាជនចិនបានរួមចំណែកដ៏សំខាន់ដោយមានការពលីដ៏មហិមាដើម្បីជួយសង្រ្គោះអរិយធម៌មនុស្សជាតិនិងការពារសន្តិភាពពិភពលោក “។ ខណៈពេលថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបថ្ងៃជ័យជម្នះលើកនេះ ប្រធានរដ្ឋចិន លោក Xi Jinping បានពិពណ៌នាយ៉ាងជ្រាលជ្រៅអំពីសារសំខាន់ជាប្រវត្តិសាស្រ្តដ៏មហិមានៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដោយបានសង្កត់ធ្ងន់ថា ប្រជាជនចិនបាននិងកំពុងប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ឈរនៅម្ខាងនៃវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ ប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ក៏ដូចជាពួតដៃគ្នាជាមួយប្រជាជននៃបណ្តាប្រទេសនានាដើម្បីកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ។
កាលពីថ្ងៃទី ៣ ខែកញ្ញានៅ ៨០ ឆ្នាំមុន ប្រជាជាតិចិនបានទទួលជ័យជម្នះដ៏អស្ចារ្យក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ។ ឆ្លងកាត់ការតស៊ូប្រយុទ្ធដ៏លំបាកលំបិននិងបង្ហូរឈាមអស់រយៈពេល ១៤ ឆ្នាំ កងទ័ពនិងប្រជាជនស៊ីវិលនៃប្រទេសចិនជាង ៣៥ លាននាក់ត្រូវបានស្លាប់បាត់បង់ជីវិតឬរងរបួស ហើយការខូចខាតខាងសេដ្ឋកិច្ចដោយផ្ទាល់និងប្រយោលមានចំនួនលើសពី ៦០០ ប៊ីលានដុល្លារអាមេរិក ។ល។ សង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនបានរួមចំណែកយ៉ាងធំធេងដែលអាចចារក្នុងទំព័រប្រវត្តិសាស្ត្រសម្រាប់ជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសដោយមានការពលីយ៉ាងមហិមា ។ “ការរួមចំណែករបស់ចិនមានសារសំខាន់ណាស់ចំពោះជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ ” “ដើម្បីកុំឱ្យសោកនាដកម្មក្នុងសង្គ្រាមលោកលើកទី២កើតឡើងម្តងទៀត ពិភពលោកទាំងមូលសុទ្ធតែមិនគួរបំភ្លេចសារសំខាន់ជាប្រវតិ្តសាស្ត្រនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនទេ” ។ល។ សហគមន៍អន្តរជាតិសម្គាល់ឃើញជាទូទៅថា ការប្រយុទ្ធប្រឆាំងនឹងពួកហ្វាស៊ីសរបស់ចិនបានចាប់ផ្តើមមុនគេបង្អស់និងមានរយៈពេលយូរជាងគេបំផុត ហើយបានដើរតួនាទីជាលក្ខណៈសម្រេចក្នុងការកំទេចទាំងស្រុងនូវពួកឈ្លានពានជប៉ុនដែលបានរួមសហការនិងគាំទ្រយ៉ាងខ្លាំងដល់ការប្រយុទ្ធក្នុងសមរភូមិអឺរ៉ុបនិងសមរភូមិប៉ាស៊ីហ្វិក ។
មធ្យោបាយល្អបំផុតសម្រាប់រំលឹកប្រវត្តិសាស្ត្រ គឺ បង្កើតប្រវត្តិសាស្ត្រថ្មី មធ្យោបាយដ៏ល្អបំផុតសម្រាប់បន្តវេនជ័យជម្នះ គឺ ឆ្ពោះទៅរកជ័យជម្នះថ្មី ។ បច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។ នេះមិនត្រឹមតែជាផ្លូវដ៏ភ្លឺស្វាងសម្រាប់ប្រជាជនចិនក្នុងការស្វែងរកជីវភាពរស់នៅប្រកបដោយសុភមង្គលនិងភាពល្អបវរប៉ុណ្ណោះទេ ថែមទាំងក៏ជាផ្លូវដែលឆ្ពោះទៅរកសច្ចយុត្តិធម៌សម្រាប់ការជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកផងដែរ ៕

