សភារបស់ថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី៥ ខែកញ្ញា

បាងកក៖ ប្រធានសភាតំណាងរាស្ត្រ លោក វ៉ាន់មូហាម៉ាត់ណ មៈថា ផ្ញើលិខិតមួយអំពាវនាវឱ្យសមាជិកសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី៥ ខែកញ្ញា។ មេបក្សភូមិចៃថៃ លោក អនុទីន ឆានវីរគុល នឹងត្រូវប្រជែងគ្នាជាមួយលោក ជ័យក្សេម និតិសិរិ មកពីបក្សភឿថៃ។
បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចក្នុងលទ្ធផល៦ទល់៣ ដើម្បីបណ្តេញលោកស្រី ផែថងថាន ឈិនៈវ័ត ចេញពីតំណែងនាយករដ្ឋមន្ត្រី ពីបទរំលោភលើបទដ្ឋានសីលធម៌ធ្ងន់ធ្ងរ គណៈរដ្ឋមន្ត្រីទាំងមូលក៏ត្រូវបានតម្រូវឱ្យដកតំណែងរបស់ពួកគេក្រោមរដ្ឋធម្មនុញ្ញផងដែរ។ រដ្ឋមន្ត្រី ត្រូវ បន្ត ភារកិច្ចរហូតដល់ មាន រាជរដ្ឋាភិបាល ថ្មី ត្រូវ បាន បង្កើត ឡើង។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក អៈភ័ទ សុខៈនន្ន (อาพัทธ์ สุขนันท์) អគ្គលេខាធិការសភាតំណាងរាស្ត្រ បានផ្ញើលិខិតបន្ទាន់មួយទៅកាន់សមាជិកសភាទាំងអស់ ទាក់ទងនឹងរបៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។
ប្រធានសភា បានបញ្ជាឱ្យដាក់បញ្ចូលចំណុចទី៨ ជាបន្ទាន់ នៅក្នុងរបៀបវារៈដែលទាក់ទងនឹងការពិចារណា និងការអនុម័តបុគ្គលដែលត្រូវតែងតាំងជានាយករដ្ឋមន្ត្រី តាមមាត្រា១៥៩នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រថៃ។ នេះនឹង ប្រព្រឹត្តទៅនៅក្នុង សម័យប្រជុំសភាលើកទី ២៦ នីតិកាល ទី ២០ (សម័យប្រជុំប្រចាំឆ្នាំលើកទី១) នៅ ថ្ងៃ សុក្រទី៥ ខែកញ្ញា ឆ្នាំ ២០២៥។
គណបក្សភូមិចៃថៃ បានតែងតាំងមេដឹកនាំរបស់ខ្លួនគឺ លោក អនុទីន ឆានវីរគុល ជាបេក្ខភាពនាយករដ្ឋមន្ត្រី ខណៈគណបក្សភឿថៃ តែងតាំងលោក ជ័យក្សេម និតិសិរិ។ ទន្ទឹម នោះ គណបក្សប្រជាជន (ថៃ) ដែលទទួល បានអាសនៈ ច្រើនជាងគេក្នុងសភា បាន សម្រេចចិត្តគាំទ្រលោក អនុទីន។ ចំណែក ឯគណបក្សភឿថៃ ប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីក្លាយខ្លួនជាបក្សប្រឆាំងវិញ។
គួរបញ្ជាក់ថា ការដាក់ស្នើ សេចក្តីព្រាង ព្រះរាជក្រឹត្យ រំលាយសភានេះមិនបាន អនុវត្ត តាម នីតិវិធី ត្រឹមត្រូវ សម្រាប់ការដាក់ស្នើ ពី ព្រះមហាក្សត្រ។ អគ្គលេខាធិការនៃការិយាល័យ ក្រុមប្រឹក្សារដ្ឋ បានផ្តល់យោបល់ថា រាជរដ្ឋាភិបាលចាំផ្ទះ មិនអាចដាក់សេចក្តីព្រាង ព្រះរាជក្រឹត្យរំលាយសភាបាន ទេ។ ដូច្នេះ ឯកសារនេះ មិនអាចដាក់ស្នើ សុំ រាជានុញ្ញាតពីព្រះមហាក្សត្របានឡើយ៕
