លោក ពូទីន ប្រាប់អ៊ុយក្រែនថានៅតែមានឱកាសដើម្បីបញ្ចប់សង្រ្គាម

ម៉ូស្គូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា បានប្រាប់អ៊ុយក្រែនថានៅតែមានឱកាសដើម្បីបញ្ចប់សង្រ្គាមតាមរយៈកិច្ចចរចាជាជម្រើសមួយ ដែលលោកពេញចិត្តដែរ ប៉ុន្តែថាលោកបានត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមដោយកម្លាំងយោធា ប្រសិនបើវាជាមធ្យោបាយតែមួយគត់។
ថ្លែងចេញពីទីក្រុងប៉េកាំង នាឱកាសបិទបញ្ចប់ដំណើរទស្សនកិច្ចមួយដែលសម្រេចបាននូវកិច្ចព្រមព្រៀងស្ដីពីបំពង់ឧស្ម័នមួយជាមួយចិន លោក ពូទីនបាននិយាយថាលោកផ្ទាល់មើលឃើញ ឱកាសបិទបញ្ចប់សង្រ្គាមនៅតែមាន នោះក៏ដោយសារតែអ្វីដែលលោកនិយាយថាជាកិច្ចប្រឹងប្រែងដ៏ស្មោះត្រង់របស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដើម្បីស្វែងរក ដំណោះស្រាយបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនជាសង្រ្គាមធំជាងគេបំផុតក្នុងតំបន់អឺរ៉ុបគិតចាប់តាំងពីសង្រ្គាមលោកលើកទី២បិទបញ្ចប់មក។
លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា៖ «វាមើលទៅ សម្រាប់ខ្ញុំ ប្រសិនបើអាចទទួលយកបាន នោះអាចទៅរួចក្នុងការព្រមព្រៀងលើដំណោះស្រាយមួយដែលអាចទទួលយកបានដើម្បីបញ្ចប់ជម្លោះនេះ ហើយនេះជាសន្និដ្ឋានរបស់ខ្ញុំ។ ជាពិសេស យើងបានឃើញភាពស្មោះត្រង់ពីរដ្ឋបាលអាមេរិកសព្វថ្ងៃរបស់លោកប្រធានាធិបតី (ដូណាល់) ត្រាំ»។
តែទោះជាបែបនេះក្ដី លោក ពូទីន បានបញ្ជាក់ឡើងវិញថាលោកគ្មានឆន្ទ ៈបន្ធូរបន្ថយ ឬបោះបង់ចោលការទាមទារកន្លងមករបស់លោកជុំវិញលក្ខខណ្ឌដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន តួយ៉ាងដូចជាតំបន់ភាគខាងកើតអ៊ុយក្រែន និងការតម្រូវឱ្យអ៊ុយក្រែនបោះបង់ចោលគំនិតចង់ក្លាយជាសមាជិក NATO៕
