ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសចិនតាមរថភ្លើងពិសេស

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំកំពូលរបស់ខ្លួន លោក គីម ជុងអ៊ុន បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសចិនតាមរថភ្លើងពិសេស នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះ ដើម្បីចូលរួមពិធីរម្លឹកព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចិនឈ្នះជប៉ុនក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ ការធ្វើដំណើររបស់លោក គីម គឺផ្ទុយពីមេដឹកនាំដទៃ ដែលធ្វើដំណើរទៅចិនតាមយន្តហោះ។
តាំង ពី ក្លាយ ជា មេដឹកនាំ កូរ៉េ ខាង ជើង នៅ ចុង ឆ្នាំ២០១១ លោក គីម តែង ប្រើ រថភ្លើង ទៅ ទស្សនកិច្ច នៅបណ្តាប្រទេសមួយចំនួន ដូចជា ប្រទេស ចិន វៀតណាម និង រុស្ស៊ី។ ជាការកត់សម្គាល់ ការប្រើប្រាស់រទេះភ្លើងសម្រាប់ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសដទៃ គឺជាទម្លាប់របស់មេដឹកនាំកូរ៉េខាងជើង ឯការជ្រើសរើសជិះយន្តហោះ គឺជារឿងកម្រ។ កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានចុះផ្សាយថា លោក គីម បានចាកចេញពីរដ្ឋធានីព្យុងយ៉ាង ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១ ហើយបានឆ្លងចូលទឹកដីចិននៅព្រឹកថ្ងៃទី២កញ្ញា។
លោក គីម ត្រូវបានគេរំពឹងថា នឹងចូលរួមពិធីព្យុហយាត្រាយោធានៅរដ្ឋធានីប៉េកាំងនៅថ្ងៃទី៣កញ្ញា ដោយចូលរួមជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំផ្សេងទៀតរួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសឃីន។
នេះជាដំណើរ ទស្សនកិច្ច របស់ លោក គីម លើក ទី៥ហើយ ទៅ កាន់ ប្រទេស ចិន ប៉ុន្តែ ជា លើក ដំបូង របស់ លោក បើគិត ចាប់ តាំង ពី ឆ្នាំ២០១៩មក។ ប្រធានាធិបតី រុស្ស៊ី លោក ពូទីន ក៏ បានហោះទៅដល់ ប្រទេស ចិន ដើម្បី ចូលរួម ក្នុង ពិធី ដង្ហែ ក្បួន និង កិច្ចប្រជុំ កំពូល របស់ អង្គការ សហប្រតិបត្តិការ សៀងហៃ។
ថ្មីៗនេះ ប្រទេសកូរ៉េខាងជើង បានផ្តល់អាទិភាពដល់ទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ដោយផ្គត់ផ្គង់ជំនួយយោធាជាថ្នូរនឹងជំនួយផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា។ រដ្ឋធានីព្យុងយ៉ាង ក៏កំពុងស្វែងរកការកែលម្អទំនាក់ទំនងជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួនផងដែរ។
វត្តមានរបស់លោក គីម ត្រូវបានអ្នកជំនាញមួយចំនួនចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងភាពជាដៃគូជាមួយប្រទេសជិតខាង ដោយបង្ហាញពីរណសិរ្សរួបរួមប្រឆាំងនឹងរដ្ឋធានីវ៉ាស៊ីនតោន ជាពិសេសនៅពេលដែលកូរ៉េខាងជើង បន្តពង្រីកសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដោយបដិសេធការចរចាការទូតជាមួយសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។ ស្ថិតនៅលើទឹកដីចិន លោក គីម អាចជួបទ្វេភាគីជាមួយលោក ស៊ី ហើយថែមទាំងអាចមានជំនួបត្រីភាគីជាមួយលោក ស៊ី និងលោក ពូទីន ផងដែរ។
មេដឹកនាំ ទាំង បី សុទ្ធតែធ្លាប់ មានជំនួបទ្វេភាគីជាមួយ គ្នា កន្លង មក ប៉ុន្តែ មិន ទាន់ ជួប ប្រជុំ ត្រីភាគី ជាមួយគ្នានៅ ឡើយ ទេ។ ជាការកត់សម្គាល់ វាជាលើកដំបូងដែលមេដឹកនាំទាំងបី ត្រូវគេពិពណ៌នាថា ជាគូប្រជែងដ៏សំខាន់ចំពោះសហរដ្ឋអាម៉េរិក បានប្រមូលផ្តុំគ្នានៅកន្លែងតែមួយ៕

