ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ទើបតែទទួលស្គាល់ការស្លាប់របស់លោក Mohammad Sinwar ដែលមានតួនាទីជាមេដឹកនាំយោធារបស់ក្រុមនេះនៅតំបន់ហ្កាហ្សា

ហ្កាហ្សា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ ទី៣០ ខែសីហា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ទើបតែទទួលស្គាល់ការស្លាប់របស់លោក Mohammad Sinwar ដែលមានតួនាទីជាមេដឹកនាំយោធារបស់ក្រុមនេះនៅតំបន់ហ្កាហ្សា បន្ទាប់ពីអ៉ីស្រាអែលបានអះអាង ថា ខ្លួនបានស្លាប់រូបលោក ក្នុងការវាយប្រហារមួយតាំងតែពីខែឧសភា។
ក្រុមហាម៉ាស មិនបានផ្តល់ខ្លឹមសារលម្អិតជុំវិញការស្លាប់របស់លោក Sinwar ទេ ប៉ុន្តែបានបង្ហោះរូបថតរបស់លោក រួមជាមួយមេដឹកនាំដទៃទៀតរបស់ក្រុមនេះ ហើយបានហៅពួកគេថា ជាអ្នកដែលបានពលីជីវិតក្នុងបុព្វហេតុរបស់ខ្លួន។
លោក Mohammad Sinwar គឺជាប្អូនប្រុសរបស់លោក Yahya Sinwar ដែលជាអតីតមេដឹកនាំហាម៉ាស និងជាអ្នកនៅពីក្រោយផែនការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៉ីស្រាអែល។
លោក Yahya Sinwar ត្រូវអ៉ីស្រាអែលសម្លាប់នៅហ្កាហ្សា កាលពីខែតុលា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា លោក Mohammad Sinwar បានឡើងជាមេដឹកនាំយោធារបស់ហាម៉ាសនៅហ្កាហ្សា ក្រោយការស្លាប់របស់បងប្រុសខ្លួន។ ដោយឡែក ការស្លាប់របស់លោក ដែលត្រូវបានទទួលស្គាល់នាពេលនេះ មានន័យថា មនុស្សជំនិតរបស់លោកឈ្មោះ Izz al-Din Haddad ដែលសព្វថ្ងៃមើលការខុសត្រូវលើប្រតិបត្តិការនៅភាគខាងជើងហ្កាហ្សា គឺក្លាយជាអ្នកគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធរបស់ហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា៕
