អតីតនាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ឈិនៈវ័ត ទទួលយកការសម្រេចរបស់តុលាការ

បាងកក៖ លោកស្រី ផែថងថាន ឈិនៈវ័ត អតីតនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែសីហានេះ បានទទួលយកដោយការគោរពចំពោះសេចក្ដីសម្រេចរបស់តុលាការ ប៉ុន្តែក្នុងនាមជាបុគ្គលម្នាក់ លោកស្រីរក្សានូវភាពគ្មានទោសពៃរ៍ និងចេតនាល្អ ក្នុងការបម្រើប្រទេសជាតិទាំងមូល។
លោកស្រី បាន អំពាវនាវ ដល់ គ្រប់ ភាគី រួមទាំង គណបក្សប្រឆាំង ផងដែរ ឱ្យ ជួយ ធានា នូវ ភាពរឹងមាំ និង ស្ថិរភាព នយោបាយ។
លោកស្រី ផែថងថាន បាន អរគុណ ប្រជាជន ដែល បាន ផ្តល់ ឱកាស ឱ្យ លោកស្រី ធ្វើការ ជិត មួយ ឆ្នាំ ពេញ។ លោកស្រីសម្ដែងក្ដី រីករាយ ដែល បាន កាន់ តំណែង នេះ ហើយ បាន នាំ មក នូវ ចេតនា ក្នុង ការ អភិវឌ្ឍ ប្រទេស និង បង្កើត ឱកាស។ លោកស្រីជឿជាក់ថា រាជរដ្ឋាភិបាលបន្ទាប់ គួរតែបន្តផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេមានពន្លឺជីវិតនៃការរស់នៅ ទទួបានការហូបស្អាត រស់នៅល្អ ក្នុងជាតិរឹងមាំ។
អតីតនាយករដ្ឋមន្ត្រីដែលទើបជ្រុះចេញពីតំណែងថ្មីថ្មោងរូបនេះ រៀបរាប់បន្ត ថា៖«ខ្ញុំស្រឡាញ់ ជាតិ សាសនា និង រាជានិយម ។ ខ្ញុំបានថ្លែងអំណរគុណដល់សមាជិកខុទ្ទកាល័យដែលបានធ្វើការជាមួយគ្នា អរគុណដល់ប្រជាពលរដ្ឋ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគ្រប់គ្នា ដែលបានផ្តល់ចំណេះដឹង និងបទពិសោធ ដែលជួយឱ្យខ្ញុំមើលឃើញទាំងចំណុចខ្លាំង និងចំណុចខ្សោយ។ បើមានវិស័យណាក៏ដោយ មិនថាតូច ឬធំ ដើម្បីផលប្រយោជន៍ប្រទេសជាតិ ខ្ញុំនឹងបន្តធ្វើការ»។
គួរជម្រាបជូនថា តុលាការធម្មនុញ្ញបានកាត់សេចក្ដី៦ទល់៣ ដោយបានសន្និដ្ឋានថា អាណត្តិរបស់នាយករដ្ឋមន្ត្រី ផែថងថាន បានបញ្ចប់ហើយ ដែលមានប្រសិទ្ធភាពពីដីការបស់តុលាការឱ្យលោកស្រីឈប់បំពេញភារកិច្ចនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។ គណៈរដ្ឋមន្ត្រីទាំងមូល ក៏ត្រូវបានរំសាយផងដែរ។ តុលាការ បាន សម្រេច ថា លោកស្រី ផែថងថាន បាន ប្រព្រឹត្ត ខុស ក្រមសីលធម៌ ធ្ងន់ធ្ងរ ដោយ ផ្តល់ អាទិភាព លើ ទំនាក់ទំនង របស់ លោកស្រី ជាមួយ ប្រធាន ព្រឹទ្ធសភា កម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាង ផលប្រយោជន៍ ជាតិ។
លោកស្រី ផែថងថាន ក្លាយជានាយករដ្ឋមន្ត្រីទីប្រាំមួយមកពី ឬគាំទ្រដោយគ្រួសារមហាសេដ្ឋី ឈិនៈវ័ត ដែលត្រូវបានដកចេញដោយយោធា ឬប្រព័ន្ធតុលាការនៅក្នុងសមរភូមិនយោបាយដ៏ចលាចល រយៈពេលពីរទសវត្សរ៍ដើម្បីអំណាចរវាងឥស្សរជនរបស់ប្រទេស។ លោកស្រី គឺជានាយករដ្ឋមន្ត្រីទី៥ ក្នុងរយៈពេល១៧ឆ្នាំដែលត្រូវបានដកចេញពីតំណែងដោយតុលាការធម្មនុញ្ញ៕

