ក្រុមសង្រ្គោះ ប្រើទូកដើម្បីចូលទៅដល់គ្រួសារពលរដ្ឋដែលជាប់គាំងក្នុងទឹកជំនន់ នៅខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន

អ៉ីស្លាម៉ាបាដ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រុមសង្រ្គោះកំពុងប្រើទូក ដើម្បីចូលទៅដល់គ្រួសារពលរដ្ឋដែលជាប់គាំងក្នុងទឹកជំនន់ នៅខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីទន្លេធំៗចំនួន ៣បានបាក់ច្រាំង ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងការរំដោះទឹកចេញពីទំនប់របស់ឥណ្ឌា។
ទឹកជំនន់បានបង្ខំឱ្យមនុស្សជិត ២៥០ ០០០នាក់ផ្លាស់ទីលំនៅ ខណៈក្រុមមន្រ្តីបានឱ្យដឹងថា មនុស្សជាង ១លាននាក់ត្រូវរងផលប៉ះពាល់ ខូចខាតដំណាំ និងអាជីវកម្ម ហើយជាច្រើននាក់ទៀតមិនអាចចាកចេញពីផ្ទះរបស់ពួកគេបាន។ យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ នៅក្នុងស្រុក Gujranwala និងភូមិក្បែរខាង។
អ្នកឧតុនិយមព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅថ្ងៃសុក្រនេះ ហើយអាចបន្តចូលដល់សប្តាហ៍ក្រោយ។ មន្រ្តីខេត្ត Punjab និយាយថា ទឹកជំនន់បានវាយប្រហារភូមិចំនួន ១ ៤៣២ ដែលមានទីតាំងនៅតាមដងទន្លេ Ravi, Sutlej និង Chenab ហើយនៅមានគ្រួសារខ្លះរងចាំការជួយសង្រ្គោះពីសំណាក់រដ្ឋាភិបាល។
គួរបញ្ជាក់ថា ចាប់តាំងពីចុងខែមិថុនាមក ទឹកជំនន់បានឆក់យកជីវិតមនុស្សជាង ៨០០នាក់ នៅក្នុងប្រទេសប៉ាគីស្ថាន៕
