រុស្ស៉ីវាយលុក អ៊ុយក្រែនជាមួយមីស៉ីល និង ដ្រូន ដោយវាបានធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងសន្តិភាព របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ

កៀវ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី២៩ ខែសីហា ឆ្នាំ២០២៥ រុស្ស៉ី បាន វាយលុក អ៊ុយក្រែនជាមួយមីស៉ីល និង ដ្រូន កាលព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយបេសកជន ពិសេស អាមេរិកទទួលបន្ទុកកិច្ចការអ៊ុយក្រែន និយាយថា វាបានធ្វើឱ្យខូចដល់កិច្ច ប្រឹងប្រែងសន្តិភាពរបស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ។
ប្រធានរដ្ឋបាលយោធាក្រុងកៀវ លោក Tymur Tkachenko បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ២៣នាក់ត្រូវបានសម្លាប់ ហើយកិច្ចប្រឹងប្រែងជួយសង្រ្គោះកំពុងបន្ត។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា វាជាការវាយប្រហារដ៏ធំបំផុតទីពីរ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
បេសកជនពិសេសអាមេរិក លោក Keith Kellogg បានបង្ហោះសារតាមបណ្តាញសង្គម X ថា «គោលដៅ គឺមិនមែនទាហាន និងអាវុធទេ ប៉ុន្តែជាតំបន់លំនៅដ្ឋានក្នុងទីក្រុងកៀវ ការផ្ទុះរថភ្លើងដែលមានជនស៉ីវិលការិយាល័យក្រុមប្រឹក្សាបេសកកម្ម EU និងចក្រអង់គ្លេស»។
EU និងអង់គ្លេស បានកោះហៅបេសកជនរុស្ស៉ី មកសម្តែងការតវ៉ា។ តាមលោក ហ្សេលេនស្គី ការវាយប្រហាររបស់រុស្ស៉ី ក៏បានធ្វើឱ្យប៉ះពាល់ដល់សហគ្រាសមួយរបស់តួកគី និងស្ថានទូត អាស៊ែបៃហ្សង់ ផង ដែរ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឱ្យដឹងថា លោក ត្រាំ មិនសប្បាយចិត្តទេចំពោះព័ត៌មាននេះ ប៉ុន្តែលោកក៏មិនភ្ញាក់ផ្អើលដែរ ហើយលោក នឹងមានអ្វីត្រូវនិយាយបន្ថែមទៀតនៅពេល ក្រោយ៕
