ADB អនុម័តកម្ចី ៥០លានដុល្លារ ដើម្បីពង្រឹងអភិបាលកិច្ចផ្តល់សេវាសាធារណៈ ធ្វើឱ្យការផ្តល់សេវាមានសមធម៌ និងភាពធន់នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តអនុកម្មវិធីជំហានទី១ចំនួន ៥០លានដុល្លារ សម្រាប់កម្ចីផ្អែកលើគោលនយោបាយ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការងារផ្តល់សេវាសាធារណៈ សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់អភិបាលកិច្ច និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើឱ្យការផ្តល់សេវាមានសមធម៌ និងភាពធន់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB បានបញ្ជាក់ថា អនុកម្មវិធីជំហានដំបូងនៃកម្មវិធីពង្រឹងអភិបាលកិច្ច ដើម្បីការផ្តល់សេវាសាធារណៈកាន់តែប្រសើរឡើងនេះ ជាការគាំទ្របន្តរបស់ ADB ដើម្បីពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលទី ៤ ដើម្បីបង្កើនគណនេយ្យភាពនៃការអនុវត្ត។
កម្មវិធីនេះបានជួយកំណែទម្រង់បង្កើនប្រសិទ្ធភាពនៃស្ថាប័នសាធារណៈដែលទទួលខុសត្រូវលើការប្រមូលចំណូល និងការគ្រប់គ្រងចំណាយ បង្កើតលំហសារពើពន្ធដើម្បីបង្កើនបរិមាណ និងគុណភាពនៃសេវាសាធារណៈ។ ការកែលម្អអភិបាលកិច្ចវិនិយោគសាធារណៈក៏ជួយជំរុញការអភិវឌ្ឍវិស័យឯកជន តាមរយៈក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋនិងឯកជន(PPP) ដែលរឹងមាំជាងមុន និងប្រព័ន្ធលទ្ធកម្មដែលមានតម្លាភាពជាងមុន។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «កម្មវិធីនេះគឺជាកត្តាជំរុញការផ្លាស់ប្តូរអភិវឌ្ឍន៍ រចនាឡើងដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈយន្តការសំខាន់បីគឺ ការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងចំណូល និងចំណាយ ការពន្លឿនកំណើនតាមរយៈការវិនិយោគសាធារណៈដែលមានភាពធន់ និងការកែលម្អប្រព័ន្ធសម្រាប់ការគ្រប់គ្រងការអនុវត្តដែលនឹងកែលម្អជីវិតរស់នៅ តាមរយៈសេវាសាធារណៈកាន់តែប្រសើរ។ កំណែទម្រង់នេះ ត្រូវបានរំពឹងថានឹងបង្កើតចំណូលបន្ថែមប្រមាណជាង ២ ពាន់លានដុល្លារអាមេរិក និង ប្រសិទ្ធភាពនៃការសន្សំសំចៃ ប្រមាណ ៣ ពាន់លានដុល្លារ នៅឆ្នាំ ២០២៨។ សហគមន៍ទូទាំងប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីការងារនេះដែរសម្រាប់ឆ្នាំខាងមុខៗ»។
វិធីសាស្រ្តនៃអនុកម្មវិធីជំហានទី១នេះ ជួយរាជរដ្ឋាភិបាលអនុវត្តកំណែទម្រង់គោលនយោបាយក្នុងផ្នែក នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាលំដាប់លំដោយ និងដែលមានការសម្របសម្រួលច្បាស់លាស់ ស្របតាមរបៀបវារៈកំណែទម្រង់ជាតិ។ តាមរយៈវិធីសាស្រ្តនេះ រាជរដ្ឋាភិបាលអាចរៀបចំកំណែទម្រង់យ៉ាងពេញលេញ ដោយធ្វើឱ្យប្រាកដថា ការងារនេះមាននិរន្តរភាព និងសមាហរណកម្មគ្រប់ជ្រុងជ្រោយទៅក្នុងប្រព័ន្ធរបស់ខ្លួន៕

