ឯកឧត្តម សុខ លូ ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ឡាក់ រស្មី មេបញ្ជាការវរសេនាតូចកាំភ្លើងធំ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ឈរជើងនៅប្រាសាទព្រះវិហារ

បាត់ដំបង៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តនិងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តនិងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងព្រមទាំងសហការីបាននំយកសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារសពដែលបានសម្ដែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់លោកវរសេនីយ៍ទោ ឡាក់ រស្មី មេបញ្ជាការវរសេនាតូចកាំភ្លើងធំ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ឈរជើងនៅប្រាសាទព្រះវិហារ បានទទួលមរណភាព កាលពីថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៣ ឆ្នាំ ដោយសារផ្សែងពុលរបស់ទាហានសៀម។
កាពលីជីវិតរបស់លោកវរសេនីយ៍ទោ ឡាក់ រស្មី គឺជាការបាត់បង់ នូវកូន ស្វាមី ឪពុក ដែលប្រកបដោយសង្គហធម៌ដ៏ឧត្ដុង្គឧត្តមចំពោះពុកម្តាយ ភរិយានិងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ហើយក៏ជាការបាត់បង់នាយទាហានស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និងបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រនៅគ្រប់កាលៈទេសៈ សំដៅរួមចំណែកយ៉ាងមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានៃយើង។
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ ឡាក់ រស្មី និងវីរយុទ្ធជនទាំងអស់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនសម្រាប់ចូលបុណ្យសពផងដែរ៕

