ព្រឹទ្ធសភា ម៉ិកស៊ិក ផ្ទុះ អំពើហិង្សា ដាល់ រុញ និងស្រែកគំហកដាក់គ្នា បន្ទាប់ ពី មេ បក្ស ប្រឆាំង ចាប់ ទាញ ប្រធាន សភាទាំងកម្រោល ក្រោយសម័យ ប្រជុំ បានបិទបញ្ចប់

ម៉ិកស៊ិក៖ ព្រឹទ្ធសភា ម៉ិកស៊ិក បាន ផ្ទុះ អំពើហិង្សា ដាល់ រុញ និងស្រែកគំហកដាក់គ្នា កាល ពី ថ្ងៃ ពុធទី២៧សីហា បន្ទាប់ ពី មេ បក្ស ប្រឆាំង ចាប់ ទាញ ប្រធាន សភាទាំងកម្រោល ក្រោយសម័យ ប្រជុំ បានបិទបញ្ចប់។
លោក អាឡិចចាន់ដ្រូ ម៉ូរ៉េណូ ហៅអាលីតូ (Alejandro “Alito” Moreno) ប្រធានគណបក្សបដិវត្តន៍ស្ថាប័នប្រឆាំង (PRI) បានស្ទុះសំដៅទៅរកប្រធានព្រឹទ្ធសភា លោក ជើរ៉ាដូ ហ្វើណាន់ដេស ណូរ៉ូណា (Gerardo Fernandez Norona) នៃគណបក្សម៉ូរ៉េណា (Morena) ដែលកំពុងកាន់អំណាច ខណៈសមាជិកសភាកំពុងច្រៀងចម្រៀងជាតិ ដើម្បីអបអរសាទរពិធីបិទសម័យប្រជុំ។ ឈុតឆាកនៃការប្រយុទ្ធគ្នា បានផ្ទុះឡើង បន្ទាប់ពីការពិភាក្សាដ៏តឹងតែង និងខ្វែងគំនិតគ្នា អំពីវត្តមានរបស់កងកម្លាំងប្រដាប់អាវុធមកពីប្រទេសផ្សេងទៀត នៅក្នុងប្រទេសម៉ិកស៊ិក។
ក្នុង វីដេអូ ដែល បាន ផ្សាយ បន្ត ផ្ទាល់ លោក ម៉ូរ៉េណូ បានស្ទុះទៅកាន់ លោក ហ្វើណាន់ដេស ណូរ៉ូណា ភ្លាមៗ ហើយចាប់ទាញ និងនិយាយ ម្ដង ហើយ ម្ដង ទៀត ថា៖«ខ្ញុំ សុំ ឱ្យ អ្នក អនុញ្ញាត ឱ្យ ខ្ញុំ និយាយ»។ ភ្លាមៗនោះ ស្រាប់តែ លោក ហ្វើណាន់ដេស ណូរ៉ូណា ស្រែកដាក់វិញថា៖«កុំប៉ះខ្ញុំ»។
ទី បំផុត អ្នក ទាំង ២ បានចាប់ ផ្តើម រុញច្រាន គ្នា ទៅ វិញ ទៅ មក។ បន្ទាប់មក សមាជិក សភា ម្នាក់ ទៀត ក៏ បាន ស្ទុះចូល ទៅ ក្នុង ភាព ច្របូកច្របល់ នោះដែរ ដោយ វាយ ទៅ លើ លោក ហ្វើណាន់ដេស ណូរ៉ូណា នៅពេលដែលលោកព្យាយាម ដើរ ចេញ។
ប្រធាន សភា ហ្វើណាន់ដេស ណូរ៉ូណា បាននិយាយទាំងកំហឹងថា៖«[ម៉ូរ៉េណូ] បានចាប់ផ្តើមទាញខ្ញុំ ប៉ះខ្ញុំ រុញខ្ញុំ។ គាត់វាយខ្ញុំ ហើយនិយាយថា គាត់នឹងសម្លាប់ខ្ញុំ»។
ជុំវិញការប៉ះទង្គិចគ្នានេះ លោក ហ្វើណាន់ដេស ណូរ៉ូណា បានបញ្ជាក់ថា នឹងកោះប្រជុំបន្ទាន់មួយ សម្រាប់ថ្ងៃសុក្រទី២៩ ខែសីហាខាងមុខនេះ ហើយលោកនឹងស្នើសុំបណ្តេញលោក ម៉ូរ៉េណូ និងសមាជិកសភាមកពីគណបក្សបដិវត្តន៍ស្ថាប័នប្រឆាំង ៣នាក់ផ្សេងទៀត ចេញពីសមាជិកសភា៕
