ក្រសួងថាមពលអ៊ុយក្រែនថា រុស្ស៊ីបានបើកការវាយប្រហារដោយដ្រូនជាច្រើនគ្រឿង សំដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន

កៀវ៖ បើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃទី២៧ ខែសីហា ក្រសួងថាមពលអ៊ុយក្រែនបានឲ្យដឹងនៅថ្ងៃពុធនេះថា រុស្ស៊ីបានបើកការវាយប្រហារដោយដ្រូនជាច្រើនគ្រឿង សំដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន រួមទាំងកន្លែងបញ្ជូនឧស្ម័ន នៅក្នុងខេត្តចំនួន៦ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ។
យោងតាមសេចក្តីថ្លែងការណ៍ ការវាយប្រហារបានលាតសន្ធឹងលើតំបន់ចំនួន៦ រួមមាន៖ តំបន់ Chernihiv និង Sumy នៅភាគខាងជើង, តំបន់ Kharkiv និង Donetsk នៅភាគខាងកើត, តំបន់ Zaporizhzhia នៅភាគខាងត្បូង, និងតំបន់ Poltava នៅភាគកណ្តាល។ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឧស្ម័ននៅតំបន់ Poltava បានរងការខូចខាតធ្ងន់ធ្ងរបំផុត។
ទន្ទឹមនឹងនេះដែរ កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ថា ខ្លួនបានស្ទាក់ចាប់ដ្រូនបានចំនួន ៧៤គ្រឿង ក្នុងចំណោមដ្រូនសរុប ៩៥គ្រឿងដែលរុស្ស៊ីបានបាញ់បង្ហោះ។ ទោះជាយ៉ាងណា ដ្រូនចំនួន ២១គ្រឿងទៀត បានធ្លាក់ទៅដល់ទីតាំងចំនួន ៩កន្លែង៕
