អាជ្ញាធរមីន រួមជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន និងអង្គការ SOS ចូលរួមផ្តល់សារអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងជម្រុញលេីកទឹកចិត្តឱ្យកុមារលេងកីឡា

ឧត្តរមានជ័យ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាងអាជ្ញាធរមីន ក្លិបបាល់ទាត់ភ្នំពេញក្រោន (PHNOM PENH CROWN FOOTBALL CLUB) និងអង្គការស្មារតីនៃអ្នកកីឡា (SOS) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមក្នុងកម្មវិធីអប់រំយល់ដឹងអំពីគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលប្រេីប្រាស់ដោយយោធាថៃមកលើទឹកដីកម្ពុជា ដែលប្រព្រឹត្តទៅនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
កម្មវិធីនេះ ក៏មានការចូលរួមផងដែរពី លោកស្រី មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ, មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, អង្គភាពស៊ីម៉ាក់ និងក្រុមការងាររៀបចំផែនការសកម្មភាពមីនខេត្ត។ កម្មវិធីនេះ បានផ្តោតសំខាន់លេីការផ្តល់សារអប់រំយល់ដឹងអំពីគ្រាប់មីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះដទៃទៀត ចំពោះប្រជាពលរដ្ឋភៀសសឹក ជាពិសេសកុមារដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព ដែលត្រូវបានជំលៀសចេញពីភូមិដ្ឋានដោយសារជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំនូវការសួរសុខទុក្ខ សេចក្តីនឹករលឹក និងការចូលរួមរំលែកទុក្ខលំបាករបស់ប្រជាជនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសកម្មភាពយោធាថៃ។
ជាមួយគ្នានោះ ឯកឧត្ដម លី ធុជ បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម ក្រោយវិលត្រឡប់ទៅរស់នៅតាមភូមិដ្ឋានរៀងខ្លួន ពីព្រោះយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ អាចបណ្តាលឱ្យយេីងរងរបួស ពិការ ស្លាប់ គ្រប់ពេល។ ឯកឧត្តម លី ធុជ ក៏បានជម្រុញលេីកទឹកចិត្តឱ្យកុមារា កុមារី លេងកីឡាបាល់ទាត់ ជាជាងការលេងគ្រាប់មិនទាន់ផ្ទុះ ដែលនាំឱ្យគ្រោះថ្នាក់ជាយកថាហេតុណាមួយ។
ជាចុងបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានលេីកឡើងថា មនុស្សគ្រប់រូបមានម្តាយបីដែលត្រូវការពារដាច់ខាត ក្នុងនោះ ទី១ម្តាយបង្កើត ទី២ម្តាយក្មេក និងទី៣មាតុប្រទេស។ ដូច្នេះ យើងទាំងអស់ ត្រូវចេះគោរពស្រឡាញ់ឪពុកម្ដាយ និងក្រុមគ្រួសារ ជាពិសេសត្រូវបណ្តុះស្មារតីស្រឡាញ់ និងប្តេជ្ញាការពារជាតិមាតុភូមិរបស់យេីង ពីការឈ្លានពានរបស់សត្រូវ។

