លោក ហ្សេលេនស្គី ថាប្រទេសតួកគី បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្ស ឬបណ្ដាអឺរ៉ុប អាចរៀបចំកិច្ចចរចាដោយផ្ទាល់រវាងលោក និង លោកពូទីន ដើម្បីជួយដល់ការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

កៀវ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃអង្គារ ទី២៦ ខែសីហា បាននិយាយថាប្រទេសតួកគី បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្ស ឬបណ្ដាអឺរ៉ុប អាចរៀបចំកិច្ចចរចាដោយផ្ទាល់រវាងលោក និងប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដើម្បីជួយដល់ការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថាមិនទាន់មានរបៀបវារៈត្រូវបានរៀបចំនៅឡើយទេសម្រាប់ជំនួបរវាងលោក ពូទីន និងលោក ហ្សេលេនស្គី។
ក្នុងសុន្ទរកថាវីដេអូមួយកាលពីយប់ថ្ងៃអង្គារ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ឥលូវ ក្នុងសប្ដាហ៍នេះនឹងមានការទំនាក់ទំនងជាមួយតួកគី បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ ឈូងសមុទ្រពែក្ស និងបណ្ដាប្រទេសអឺរ៉ុបដែលសុទ្ធសឹងតែអាចរៀបចំកិច្ចចរចាជាមួយរុស្ស៉ី»។ លោកបន្ថែមថាអ៊ុយក្រែនកំពុងត្រៀមលក្ខណៈជាអតិបរមាសំដៅបិទបញ្ចប់សង្រ្គាម។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ហ្សេលេនស្គី កើតមានឡើងចំពេលនាយខុទ្ទការល័យរបស់លោក គឺលោក Andriy Yermak និងប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិ អ៊ុយក្រែនកំពុងស្ថិតក្នុងប្រទេសកាតា ដើម្បីជួបជាមួយរដ្ឋមន្ត្រីការពារជាតិកាតា៕
