ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋរចនាសម្ព័ន្ធអាស៊ី(AIIB) ចុះពិនិត្យទីតាំងគម្រោងប្រព័ន្ធស្តារឡើងវិញ និងធ្វើទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ និងខេត្តសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្ដដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង ទីប្រឹក្សាជាតិនិងអន្តរជាតិ និងគណៈប្រតិភូក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោក David Ginting ប្រធានក្រុមបេសកកម្ម ដើម្បីចុះត្រួតពិនិត្យស្វែងយល់ការគ្រប់គ្រងវិស័យធនធានទឹកនៃអាងស្ទឹងសែនស្ថិតក្នុងខេត្តកំពង់ធំ និងស្ទឹងជីក្រែង ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីរៀបចំគម្រោងស្តារឡើងវិញ និងធ្វើទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្នុងដំណើរបេសកកម្ម ឯកឧត្តមរដ្ឋលេខាធិកាបានបញ្ជាក់ថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)ពិតជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ក្នុងការជួយគិតគូរគ្រប់ជ្រុងជ្រោយដល់វិស័យធនធានទឹក ដោយធ្វើយ៉ាងណាដើម្បីបញ្ចៀសទឹកជំនន់ និងធ្វើឱ្យមានទឹកគ្រប់គ្រាន់សម្រាប់បម្រើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ៕

